ជាការបញ្ជាក់ថា វាគឺជា «ការតាំងចិត្តថ្នាក់ជាតិរបស់ឥណ្ឌា ដើម្បីដោះស្រាយការវាយប្រហារដ៏ឃោរឃៅ» នាយករដ្ឋមន្ត្រី លោក Narendra Modi បាននិយាយថា កងកម្លាំងប្រដាប់អាវុធឥណ្ឌា ទទួលបាននូវការផ្ដល់ទំនុកចិត្ត និង «សេរីភាពប្រតិបត្តិការពេញលេញ ដើម្បីធ្វើការសម្រេចចិត្ត ពាក់ព័ន្ធនឹងវិធី គោលដៅ និងពេលវេលា» សម្រាប់ការឆ្លើយតបរបស់ឥណ្ឌា បន្ទាប់ពីការវាយប្រហារភេរវកម្មកាលពីសប្តាហ៍មុន នៅទីក្រុង Pahalgam របស់តំបន់កាស្មៀរ បានសម្លាប់មនុស្ស ២៦នាក់។ នាយករដ្ឋមន្ត្រីត្រូវបានគេរាយការណ៍ថា បានលើកឡើងបែបនេះ ក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីការពារជាតិ ទីប្រឹក្សាសន្តិសុខជាតិ អគ្គសេនាធិការការពារជាតិ អគ្គមេបញ្ជាការកងទ័ព អគ្គមេបញ្ជាការកងទ័ពអាកាស និងអគ្គមេបញ្ជាការកងទ័ពជើងទឹក។ កិច្ចប្រជុំនេះធ្វើឡើងនៅគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃអង្គារ (ទី២៩ ខែមេសា)។ ភ្លាមៗបន្ទាប់ពីការសម្លាប់ នៅទីក្រុង Pahalgam ឥណ្ឌាបានប្រកាសវិធានការការទូតជាបន្តបន្ទាប់ប្រឆាំងនឹងប៉ាគីស្ថានដែលត្រូវបានចោទថា ជាអ្នកនៅពីក្រោយការវាយប្រហារនោះ ក្នុងនោះមានរួមទាំងការលុបចោលទិដ្ឋាការរបស់ពលរដ្ឋប៉ាគីស្ថាន និងផ្អាកសន្ធិសញ្ញាទឹក Indus Water Treaty។

ប្រភពមួយពីរដ្ឋាភិបាល បាននិយាយថា៖ «លោកនាយករដ្ឋមន្ត្រី Modi បានសម្តែងនូវជំនឿ និងទំនុកចិត្តទាំងស្រុងលើសមត្ថភាពវិជ្ជាជីវៈរបស់កងកម្លាំងប្រដាប់អាវុធឥណ្ឌា។ ហើយលោកបានបន្ថែមថា ពួកគេ (កងកម្លាំងប្រដាប់អាវុធ) មានសេរីភាពប្រតិបត្តិការពេញលេញ ក្នុងការសម្រេចចិត្ត ពាក់ព័ន្ធនឹងវិធី គោលដៅ និងពេលវេលានៃការឆ្លើយតបរបស់យើង»។
ចំណែកឯរដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប៉ាគីស្ថាន លើកឡើងថា ប្រទេសនេះ មាននូវព័ត៌មាន «ស៊ើបការណ៍សម្ងាត់ដ៏គួរឲ្យទុចិត្តបាន» ដែលថា ឥណ្ឌាមានបំណងធ្វើការវាយប្រហារយោធា ក្នុងរយៈពេល ២៤ម៉ោង ទៅ ៣៦ម៉ោងខាងមុខ។ ការអត្ថាធិប្បាយបែបនេះរបស់លោក Attaullah Tarar ធ្វើឡើងបន្ទាប់ពីឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា បានគាំទ្រពួកសកម្មប្រយុទ្ធនៅពីក្រោយការវាយប្រហារកាលពីសប្តាហ៍មុន នៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។ ទីក្រុងអ៊ីស្លាម៉ាបាដ ច្រានចោលការចោទប្រកាន់នេះ។
លោក Tarar បាននិយាយថា ប្រទេសឥណ្ឌាមានបំណងប្រើប្រាស់ហេតុកាណ៍នេះ ជា «លេសក្លែងក្លាយ» ដើម្បីបើកការវាយប្រហារលើប៉ាគីស្ថាន ហើយលោកបានសង្កត់ធ្ងន់ថា «ការប្រថុយប្រថានប្រើកម្លាំងយោធាណាមួយរបស់ឥណ្ឌា នឹងត្រូវបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់»៕


