រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចាប់ផ្តើមបញ្ជាក់យ៉ាងច្បាស់អំពីការបង្រ្កាបនិស្សិតអន្តរជាតិ ដោយបង្ហាញពីរបៀបដែលខ្លួនបានកំណត់គោលដៅលើមនុស្សរាប់ពាន់នាក់ និងបញ្ជាក់ពីហេតុផលសម្រាប់ការបញ្ចប់ឋានៈស្របច្បាប់របស់ពួកគេ។

ព័ត៌មានលម្អិតថ្មី បានលេចចេញនៅក្នុងពាក្យបណ្តឹងដែលដាក់ដោយនិស្សិតមួយចំនួន ដែលភ្លាមៗនោះឋានៈរបស់ពួកគេ ត្រូវបានលុបចោល ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានការពន្យល់តិចតួច។
កាលពីមួយខែមុន និស្សិតបរទេសនៅជុំវិញសហរដ្ឋអាមេរិក មានការអន្ទះសារចង់ដឹងអំពីកំណត់ត្រារបស់ពួកគេ ត្រូវបានលុបចេញពីទិន្នន័យសិស្ស ដែលរក្សាទុកដោយទីភ្នាក់ងារអន្តោប្រវេសន៍ និងអនុវត្តច្បាប់ គយ។ អ្នកខ្លះបានទៅលាក់ខ្លួន ដោយសារខ្លាចអាជ្ញាធរអន្តោប្រវេសន៍ចាប់ខ្លួន ឬបោះបង់ការសិក្សា ដើម្បីវិលត្រឡប់ទៅប្រទេសកំណើតវិញ។
កាលពីថ្ងៃសុក្រ បន្ទាប់ពីបញ្ហាប្រឈមរបស់តុលាការកំពុងកើនឡើង មន្ត្រីសហព័ន្ធបាននិយាយថា រដ្ឋាភិបាលកំពុងស្តារឋានៈស្របច្បាប់របស់និស្សិតអន្តរជាតិ ខណៈដែលខ្លួនបានបង្កើតក្របខ័ណ្ឌការងារមួយ ដើម្បីណែនាំការបញ្ចប់នាពេលអនាគត។ នៅក្នុងឯកសារតុលាការកាលពីថ្ងៃចន្ទ វាបានចែករំលែកគោលការណ៍ថ្មី៖ ឯកសារដែលបានចេញផ្សាយកាលពីចុងសប្តាហ៍ជាមួយនឹងការណែនាំអំពីហេតុផលជាច្រើនដែលឋានៈរបស់សិស្ស អាចត្រូវបានលុបចោល រួមទាំងការដកហូតទិដ្ឋាការ ដែលពួកគេបានប្រើដើម្បីចូលសហរដ្ឋអាមេរិក។
