សភារបស់ប្រទេសហុងគ្រី បានអនុម័តច្បាប់ស្តីពីការដកប្រទេសនេះ ចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។
ច្បាប់នេះ ត្រូវបានគាំទ្រដោយសមាជិកសភាជាងពីរភាគបី ដូចមាននៅក្នុងរូបភាពវីដេអូនៃការបោះឆ្នោតដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍។
ដោយដាក់ឯកសារជូនសមាជិកសភា រដ្ឋមន្ត្រីការបរទេសលោក Peter Szijjarto បាននិយាយថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) មានភាពលម្អៀង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយប្រើប្រាស់រដ្ឋផ្សេងៗ ដើម្បីសម្រេចបាននូវគោលបំណងរបស់ខ្លួន ក្នុងជម្លោះអន្តរជាតិ។ លោកបានសង្កត់ធ្ងន់ថា៖«ប្រទេសហុងគ្រី ទទូចថា ពុំមានកន្លែងសម្រាប់នយោបាយនិងភូមិសាស្ត្រនយោបាយ នៅក្នុងអង្គការអន្តរជាតិទេ»។

រដ្ឋាភិបាលហុងគ្រី បានប្រកាសពីចេតនារបស់ខ្លួន ក្នុងការចាកចេញពីតុលាការ ICC នៅដើមខែមេសា នៅពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលចូលចិត្តការគាំទ្រគ្រប់បែបយ៉ាងរបស់ហុងគ្រី ក្នុងការប្រយុទ្ធប្រឆាំងនឹងចលនាបដិវត្តន៍ប៉ាឡេស្ទីន ហាម៉ាស និងដែលស្ថិតនៅក្រោមដីកាចាប់ខ្លួនរបស់ICC ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅប៉ាឡេស្ទីន ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៤ បានមកទស្សនកិច្ចប្រទេសនេះ។ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានថ្កោលទោសដីកាចាប់ខ្លួនរបស់តុលាការ ICC សម្រាប់លោក ណេតាន់យ៉ាហ៊ូ ថា «មិនសមហេតុផល និងមិនអាចទុកចិត្តបាន»។
