មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារលើគោលដៅជាង ១.000កន្លែង នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមយុទ្ធនាការផ្លូវអាកាសចុងក្រោយរបស់ខ្លួន ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហ៊ួទី នៅពាក់កណ្តាលខែមីនា។
ក្រុមហ៊ួទី បានចាប់ផ្តើមកំណត់គោលដៅដឹកជញ្ជូន នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden នៅចុងឆ្នាំ ២០២៣ ហើយសហរដ្ឋអាមេរិក បានឆ្លើយតបជាមួយនឹងការវាយប្រហារប្រឆាំងនឹងពួកគេ ដោយបានចាប់ផ្តើម នៅដើមឆ្នាំ ២០២៤។

ចាប់តាំងពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ មក «ការវាយប្រហាររបស់ទីបញ្ជាការកណ្តាលរបស់សហរដ្ឋ អាមេរិក (USCENTCOM) បានវាយប្រហារលើគោលដៅជាង ១.000កន្លែង ដោយបានសម្លាប់ក្រុមយុទ្ធជន និងមេដឹកនាំហ៊ួទីជាច្រើននាក់ និងធ្វើឲ្យសមត្ថភាពរបស់ពួកគេចុះខ្សោយ។
ទីបញ្ជាការកណ្តាល (CENTCOM)នេះ កាលពីថ្ងៃអាទិត្យ បានដាក់តួលេខនៃគោលដៅត្រឹមតែជាង ៨០០កន្លែង ដែលត្រូវបានវាយប្រហារ ចាប់តាំងពីពាក់កណ្តាលខែមីនា ដោយនិយាយថា យុទ្ធជនហ៊ួទីរាប់រយនាក់ ត្រូវបានសម្លាប់ ។
រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសនោះ ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហ៊ួទី បាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក បានត្រូវចំមជ្ឈមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ នៅក្នុងទីក្រុង Saada ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៨នាក់ ខណៈដែលអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិក្រោយមក បាននិយាយថា ព័ត៌មានបឋមបង្ហាញថា អ្នកដែលត្រូវបានសម្លាប់ គឺជាជនអន្តោប្រវេសន៍។
