ទោះបីជាមានការសន្យាកាត់បន្ថយការចំណាយក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងប៉ុន្មានខែដំបូងរបស់លោក នៅក្នុងតំណែងក៏ដោយ ក៏រដ្ឋាភិបាលសហព័ន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានចំណាយប្រហែល ២២០ពាន់លានដុល្លារបន្ថែមទៀត ក្នុងរយៈពេល ១០០ថ្ងៃដំបូងរបស់លោក បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តាមពិតទៅ រដ្ឋាភិបាលឥឡូវចំណាយច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ជាងការចំណាយក្នុងរយៈពេល ៩ឆ្នាំ ក្នុងចំណោម ១០ឆ្នាំចុងក្រោយនេះ។ លើកលែងតែនៅក្នុងឆ្នាំ២០២១ ជាពេលដែលរដ្ឋាភិបាលបានចំណាយ រាប់សែនកោដិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងទប់ស្កាត់គ្រោះមហន្តរាយសេដ្ឋកិច្ច។

ប្រព័ន្ធផ្សព្វផ្សាយ CBS News បានវិភាគរបាយការណ៍ហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ក្រសួងរតនាគារ ដើម្បីតាមដានប្រាក់ដែលហូរចេញពីគ្រប់គណនីរដ្ឋាភិបាលជារៀងរាល់ថ្ងៃ ចាប់តាំងពីលោក Trump វិលមកកាន់កាន់តំណែងវិញ។
អ្នកខ្លះអាចចោទសួរថា តើវាអាចទៅរួចដោយរបៀបណា ដោយសារការប្រកាសម្តងហើយម្តងទៀតពីការបញ្ឈប់ការងារ កិច្ចសន្យាដែលត្រូវបានលុបចោល ការអះអាងពីការលុបបំបាត់ការក្លែងបន្លំដោយលោក Trump និងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលដែលដឹកនាំដោយលោក Elon Musk និងការរឹតបន្តឹងការចំណាយទូទាំងរដ្ឋបាល។
ចម្លើយមួយផ្នែកគឺស្ថិតនៅក្នុងមូលដ្ឋានគ្រឹះនៃថវិការបស់រដ្ឋាភិបាល នៅពេលនិយាយអំពីការចំណាយលើផ្នែកធំៗ ដែលសេតវិមានមិនអាចគ្រប់គ្រងបានពេញលេញ ឬការផ្លាស់ប្តូរដ៏ធំ ចំពោះរបៀបដែលសហរដ្ឋអាមេរិកចំណាយសម្រាប់ការចូលនិវត្តន៍ និងការថែទាំសុខភាពរបស់ជនជាតិអាមេរិកដែលមានវ័យចំណាស់។
ចម្លើយផ្សេងទៀត គឺពាក់ព័ន្ធនឹងនយោបាយ។ ក្រុមអភិរក្សនិយមដែលបានជ្រើសរើសលោក Trump និងសំឡេងភាគច្រើននៃគណបក្សសាធារណរដ្ឋនៅក្នុងសភា ប្រហែលជាមិនគាំទ្រការកាត់ចំណែកដ៏ធំបំផុតផ្សេងទៀតនៃការចំណាយរបស់សហព័ន្ធ ប្រតិបត្តិការរបស់យោធាសហរដ្ឋអាមេរិក និងការថែទាំអតីតយុទ្ធជន៕
