អាមេរិក៖ លោកប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃពុធថា រដ្ឋបាលរបស់លោកមិនពិចារណាក្នុងការបញ្ជូនទាហានអាមេរិកទៅកាន់អ៊ុយក្រែនទេ ស្របពេលមានក្ដីបារម្ភពីការបង្កើនកម្លាំងយោធារុស្ស៊ី នៅតាមព្រំដែនរួមជាមួយអ៊ុយក្រែននោះ។ លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា ការបញ្ជូនកងទ័ពជាឯកតោភាគីទៅអ៊ុយក្រែនមិនមែនជាជម្រើសទេ។

ប្រសិនបើអ្នកឈ្លានពានអ៊ុយក្រែននឹងមានផលវិបាកធ្ងន់ធ្ងរ។ ពិសេសគឺផលវិបាកសេដ្ឋកិច្ច។ ប្រធានាធិបតីបាននិយាយថា លោកដឹងរឿងនេះដោយយោងទៅលើអ្វីដែលលោកបានប្រាប់ប្រធានាធិបតីរុស្ស៊ី Vladimir Putin តាមវីដេអូរយៈពេលពីរម៉ោងកាលពីមួយថ្ងៃមុន។ លោក Biden បាននិយាយថា ជំនួសឱ្យការបញ្ជូនកងទ័ពអាមេរិកទៅកាន់អ៊ុយក្រែន រដ្ឋបាលរបស់លោកនឹងធ្វើការដើម្បីពង្រឹងវត្តមានយោធាអាមេរិក នៅក្នុងបណ្តាប្រទេសជាសមាជិកអង្គការណាតូ។ ក្នុងអំឡុងជំនួបតាមវីដេអូរវាងមេដឹកនាំទាំងពីរនៅវិមានក្រឹមឡាំង លោក Putin បានសង្កត់ធ្ងន់ទៅកាន់លោក Biden ថា អង្គការ NATO ជាអ្នកទទួលខុសត្រូវចំពោះការបង្កើនភាពតានតឹងនៅតាមព្រំដែនរបស់រុស្ស៊ី ហើយបានចោទប្រកាន់សម្ព័ន្ធមិត្តដែលមានសមាជិក ៣០ប្រទេសថា បានបង្កើតកម្លាំងយោធានៅក្នុងបណ្ដារដ្ឋដែលនៅជាប់នឹងប្រទេសរុស្ស៊ី។
ទោះបីជាវិមានក្រឹមឡាំងបានច្រានចោលការលើកឡើងដែលថា ទីក្រុងមូស្គូកំពុងត្រៀមសម្រាប់ការវាយប្រហារលើអ៊ុយក្រែនក៏ដោយ លោក Putin បានប្រាប់លោក Biden តាមវីដេអូថា ការទទូចរបស់អ៊ុយក្រែនក្នុងការចូលរួមជាសមាជិកអង្គការណាតូ ត្រូវតែត្រូវបានបដិសេធជាថ្នូរនឹងការធានាដែលថា ទាហានរុស្ស៊ីនឹងមិនធ្វើការវាយប្រហារ។ លោក Biden មិនទទួលយកថា អាមេរិកឆ្លងហួសបន្ទាត់ក្រហមដែលលោក Putin បាននិយាយពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែននោះទេ ក្នុងអំឡុងជំនួបតាមវីដេអូពោពេញដោយភាពតានតឹងរបស់មេដឹកនាំទាំង២ កាលពីថ្ងៃអង្គារ៕
អត្ថបទ៖ សុខមាន