សង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី តាមរបៀបដែលនឹងទៅហួសពីការធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះ និងការកាត់បន្ថយចំណូលថវិកា។
ទីប្រឹក្សារបស់ធនាគារកណ្តាលរុស្ស៊ី បានលើកឡើងថា ប្រសិនបើសហរដ្ឋអាមេរិក និងប្រទេសចិន មិនអាចសម្រេចបានដំណោះស្រាយមួយទេនោះ ទីក្រុងប៉េកាំងអាចនឹងទម្លាក់តម្លៃប្រាក់យន់ ដោយធ្វើឲ្យទំនិញរបស់ចិនកាន់តែមានភាពប្រកួតប្រជែង និងគំរាមកំហែងដល់ក្រុមហ៊ុនផលិតក្នុងស្រុករបស់រុស្ស៊ី។

លោក Kirill Tremasov បាននិយាយថា៖ «ប្រសិនបើភាគីទាំង ២ (អាមរិក និងចិន) បង្កើនការប្រឈមមុខដាក់គ្នា រហូតដោះស្រាយលែងបាន លទ្ធផលអាចធ្វើរូបិយប័ណ្ណចិនធ្លាក់ថ្លៃ»។ លោកបានបន្តថា៖ «លទ្ធផលនោះនឹងជួយជំរុញដល់ការប្រកួតប្រជែងទំនិញរបស់ចិន នៅក្នុងទីផ្សារពិភពលោក ក្នុងនោះរួមទាំងទីផ្សាររបស់យើងផងដែរ។ ប្រទេសចិនមានចំណែកដ៏សំខាន់នៃការនាំចូលរបស់រុស្ស៊ី ហើយនេះអាចបង្កហានិភ័យដល់ក្រុមហ៊ុនផលិតរុស្ស៊ី»។
លោក Tremasov បានកត់សម្គាល់ថា ចំណាត់ការបែបនេះនឹងជះឥទ្ធិពលតិចតួចលើការនាំចេញរបស់រុស្ស៊ីទៅចិនដែលជាមជ្ឈមណ្ឌលវត្ថុធាតុដើមដ៏ធំចម្បង ហើយមិនសូវមានភាពរសើប ចំពោះការប្រែប្រួលរូបិយប័ណ្ណ។ តែទោះជាយ៉ាងណាក្ដី ការនាំចូលអាចរងផលប៉ះពាល់យ៉ាងខ្លាំង ដោយបង្កើតជាហានិភ័យ សម្រាប់សេដ្ឋកិច្ចរុស្ស៊ីដែលជួបបញ្ហារួចទៅហើយ។
គួរបញ្ជាក់ថា ប្រទេសចិនបានលេចឡើងក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ធំរបស់រុស្ស៊ី ចាប់តាំងពីការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន បង្កឲ្យមានការដាក់ទណ្ឌកម្មពីលោកខាងលិច និងការចាកចេញយ៉ាងច្រើនរបស់ក្រុមហ៊ុនលោកខាងលិច។ បើយោងតាមអ្នកជំនាញមកពីវិទ្យាស្ថាន Gaidar បានឲ្យដឹងថា កាលពីឆ្នាំមុន ទីក្រុងប៉េកាំង មានចំនួនជាង ១ភាគ៣ (៣៤,១ភាគរយ) នៃទំហំពាណិជ្ជកម្មបរទេសរបស់រុស្ស៊ី ក្នុងនោះរួមទាំងការនាំចូលជិត ៤០ភាគរយផងដែរ៕

