នៅថ្ងៃពុធ (ទី៣០ ខែមេសា) នេះ នៅពេលត្រូវបានសួរថា តើការវិលត្រលប់របស់លោក Donald Trump ទៅកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិកវិញ មានន័យថា អូស្ត្រាលីគួរតែពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តការពារជាតិរបស់ខ្លួនដែរ ឬទេ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានឆ្លើយថា ប្រទេសអូស្ត្រាលីចាំបាច់ត្រូវការពារខ្លួនឯង។
អូស្ត្រាលីបានពង្រឹងសម្ព័ន្ធភាពយោធាយូរអង្វែងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់អ្នកកាន់តំណែងមុន គឺលោក Joe Biden ក្នុងនោះរួមមានទាំងតាមរយៈកិច្ចព្រមព្រៀង AUKUS ដែលជាគម្រោងការពារជាតិមានអាយុកាល ៤ទសវត្សរ៍មកហើយ ដើម្បីទិញ និងសាង់សង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

សម្ព័ន្ធ AUKUS ត្រូវបានគាំទ្រដោយគណបក្សនយោបាយធំៗទាំង ២ របស់អូស្ត្រាលី ហើយលោក Albanese បាននិយាយនៅថ្ងៃពុធនេះថា វានឹងមិនមានការជជែកពិភាក្សាអ្វីឡើយ ប្រសិនបើការបោះឆ្នោត នៅថ្ងៃសៅរ៍ បញ្ចប់ទៅដោយមានរដ្ឋាភិបាលសំឡេងភាគតិច។
ពន្ធគយដ៏ធ្ងន់ធ្ងរ និងការងារការទូតដែលងាយនឹងប្រែប្រួលរបស់លោក Trump ក្នុងនោះរួមទាំងការកែប្រែផងដែរនូវគោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន បានបង្កឲ្យមានការជជែកដេញដោលគ្នាអំពីថា តើអូស្ត្រាលីគួរតែដំឡើងការចំណាយលើវិស័យការពារជាតិ ដើម្បីបង្កើនការពឹងផ្អែកលើខ្លួនឯងដែរ ឬទេ។
បន្ទាប់ពីថ្លែងសុន្ទរកថា នៅឯក្លឹបសារព័ត៌មានជាតិ ក្នុងទីក្រុងកង់បេរ៉ា នៅពេលត្រូវបានសួរថា តើការផ្លាស់ប្តូរចាំបាច់ដែរ ឬទេ លោក Albanese បានប្រាប់ថា អូស្ត្រាលីកំពុងកសាងសមត្ថភាពការពារឯករាជ្យរបស់ខ្លួន ក្នុងនោះរួមទាំងតាមរយៈការផលិតផលិតមីស៊ីលក្នុងស្រុកផងដែរ។ លោកបានសង្កត់ធ្ងន់ថា៖ «យើងត្រូវតែការពារខ្លួនឯង»៕
