រដ្ឋមន្ត្រីការបរទេស លោក Abbas Araqchi នៅថ្ងៃពុធ (ទី៣០ ខែមេសា) បាននិយាយថា អ៊ីរ៉ង់នឹងជួបពិភាក្សានុយក្លេអ៊ែរជាមួយចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នាថ្ងៃសុក្រសប្ដាហ៍នេះ ដោយមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងដែលតានតឹង ស្របពេលដែលកិច្ចចរចានុយក្លេអ៊ែរ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ស្ថិតក្នុងហានិភ័យខ្ពស់។
កិច្ចប្រជុំនេះនឹងធ្វើឡើងនៅមុនការចរចានុយក្លេអ៊ែរជុំទី៤ នាចុងសប្តាហ៍នេះ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលនឹងត្រូវធ្វើឡើងនៅប្រទេសអ៊ីតាលីផងដែរ។ លោក Araqchi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖ «តាមគំនិតរបស់ខ្ញុំ ប្រទេសអឺរ៉ុបទាំង៣ បានបាត់បង់តួនាទីរបស់ពួកគេ (ក្នុងឯកសារនុយក្លេអ៊ែរ) ដោយសារតែគោលនយោបាយខុសដែលពួកគេបានអនុម័ត។ ជាការពិតណាស់ យើងមិនចង់បានបែបនេះទេ ហើយយើងត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាជាមួយពួកគេ នៅទីក្រុងរ៉ូម»។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃចន្ទថា ទីក្រុងតេអេរ៉ង់បានស្នើឲ្យមានកិច្ចប្រជុំជាមួយបណ្តាប្រទេសអឺរ៉ុបទាំង ៣ ឬ E3 ដែលជាភាគីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់អ៊ីរ៉ង់ ជាមួយប្រទេសមហាអំណាចពិភពលោក។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបោះបង់ចោលកិច្ចព្រមព្រៀង ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ក្នុងឆ្នាំ២០១៨។ ថ្នាក់ដឹកនាំនយោបាយរបស់ E3 បានបញ្ជាក់ថា ពួកគេនឹងជួបប្រជុំជាមួយអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ។
គួរបញ្ជាក់ថា លោក Trump បានគំរាមវាយប្រហារអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះមិនយល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីទេនោះ។ អ៊ីរ៉ង់បានទៅលើសពីការកម្រិតនៃកិច្ចព្រមព្រៀងឆ្នាំ២០១៥ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គិតចាប់តាំងពីសហរដ្ឋអាមេរិកបានដកខ្លួនចេញ ហើយបណ្តាប្រទេស នៅអឺរ៉ុប ក៏មានក្ដីបារម្ភដូចទីក្រុងវ៉ាស៊ីនតោនដែរ ដែលថា ទីក្រុងតេអេរ៉ង់អាចប្រឹងប្រែងផលិតគ្រាប់បែកបរមាណូ។ អ៊ីរ៉ង់និយាយថា កម្មវិធីរបស់ខ្លួន គ្រាន់តែជាគោលបំណងសន្តិភាពប៉ុណ្ណោះ៕
