នគរបាលខេត្ត Phuket បានចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកបើកបរតាក់ស៊ីក្នុងស្រុកម្នាក់ បន្ទាប់ពីមានការចែករំលែកនូវវីដេអូដ៏ល្បីមួយ ដែលបង្ហាញពីរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ត្រូវបានរារាំងនៅក្នុងស្រុក Kathu។
វីដេអូដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅទូទាំងបណ្ដាញសង្គម កាលពីថ្ងៃអង្គារ (ទី២៩ ខែមេសា) បានបង្កឲ្យមានការខឹងសម្បាជាសាធារណៈ។ យោងតាមមជ្ឈមណ្ឌលសង្គ្រោះរបស់រដ្ឋបាលសង្កាត់ Kamala បានឲ្យដឹងថា អ្នកជំងឺម្នាក់បានបាត់បង់ជីវិត មុនពេលទៅដល់មន្ទីរពេទ្យ បន្ទាប់ពីរថយន្តសង្គ្រោះដែលដឹករូបលោក ត្រូវបានធ្វើឲ្យយឺតពេល។

មជ្ឈមណ្ឌលនេះបានបង្ហោះវីដេអូឃ្លីបដែលបង្ហាញពីអ្នកបើកបរតាក់ស៊ីម្នាក់មិនព្រមបើកផ្លូវឲ្យរថយន្តសង្គ្រោះឡើយ បើទោះបីជាស៊ីរ៉ែន និងភ្លើងសង្គ្រោះបន្ទាន់ ត្រូវបានបើកដំណើរការក៏ដោយ។
ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវ Kamala-Patong ក្នុងស្រុក Kathu នៃខេត្ត Phuket។ រថយន្តតាក់ស៊ី កំពុងបើកបរនៅគន្លងកណ្តាល ហើយបើតាមការចោទប្រកាន់ អ្នកបើកបរមិនព្រមប្តូរគន្លងផ្លូវជាច្រើននាទី សូម្បីតែរថយន្តសង្គ្រោះបន្ទាន់ទៅកៀកដោយមានបើកភ្លើង និងស៊ីរ៉ែនក៏ដោយ។
មជ្ឈមណ្ឌលជួយសង្គ្រោះ បានឲ្យដឹងថា កូនស្រីរបស់អ្នកជំងឺនោះ ដែលជាគិលានុបដ្ឋាយិកា បានធ្វើការសង្គ្រោះ ដោយការធ្វើចលនាបេះដូង អំឡុងពេលធ្វើដំណើរនោះ។ តែយ៉ាងណាក្ដី ការពន្យារពេលបង្កឡើងដោយរថយន្តតាក់ស៊ី ដែលតាមការចោទប្រកាន់បានរារាំងរថយន្តសង្គ្រោះបន្ទាន់ អំឡុងពេលធ្វើដំណើរទៅមន្ទីរពេទ្យ បានធ្វើឲ្យការព្យាបាលមិនបានទាន់ពេលវេលា ហើយអ្នកជំងឺវ័យ ៧៧ឆ្នាំ ត្រូវបានប្រកាសថា ស្លាប់៕
