សាកសពគ្របដណ្តប់ដោយធូលីដី និងកម្ទេចកម្ទី ត្រូវបានរាយប៉ាយក្នុងគំនរបាក់បែកមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍អាហ្វ្រិកនៅយេម៉ែន ក្រោយទូរទស្សន៍គ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធី រាយការណ៍កាលពីថ្ងៃទី ២៨ ខែមេសាថា វាគឺជាការវាយប្រហារតាមច្រកអាកាសរបស់សហរដ្ឋអាមេរិកសម្លាប់មនុស្ស ៦៨នាក់ ។
លោក Qassim Shaghban គឺជាអ្នកស្ម័គ្រចិត្តម្នាក់របស់ក្រុមអឌ្ឍចន្ទក្រហមយេម៉ែន ដែលស្ថិតក្នុងចំណោមមនុស្សដំបូងគេបានទៅដល់កន្លែងកើតហេតុសង្ស័យរងការវាយប្រហារតាមច្រកអាកាសរបស់សហរដ្ឋអាមេរិកលើមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍អាហ្វ្រិក ស្ថិតក្នុងទីក្រុង Saada បានរៀបរាប់ហេតុការណ៍ដែលបានកើតឡើង ។
លោក Shaghban បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អ្នករាល់គ្នាសាកគិតមើលថាតើអ្នកនឹងមានអារម្មណ៍បែបណា នៅពេលដែលអ្នកមើលឃើញសាកសពរាយប៉ាយពាសពេញដីបែបនេះនោះ ។ វាគឺជាឧក្រិដ្ឋកម្មយ៉ាងពិតប្រាកដមួយ ហើយហេតុការណ៍ដ៏រន្ធត់នេះ ដិតដាមក្នុងចិត្តរបស់លោកជានិច្ច លោកមិនអាចបំភ្លេចវាបាននោះទេ ។
លោក Shaghban និយាយទៀតថា ពួកយើងពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ពេលពួកយើងមកដល់ ពួកយើងស្លត់ចិត្តដោយសារពួកយើងមើលឃើញជនរងគ្រោះយ៉ាងច្រើន ។ ពេលពួកយើងមើលឃើញចំនួនគ្រោះថ្នាក់ដ៏ច្រើនបែបនេះ ពួកយើងបានចាប់ផ្តើមសង្រ្គោះអ្នកនៅរស់ ដើម្បីស្រោចស្រង់អាយុជីវិតរបស់ពួកគេ ហើយក្រោយមកទើបពួកយើងស្វែងរកអ្នកស្លាប់ ។ ចំនួនជនរងគ្រោះពិតជាច្រើនខ្លាំងណាស់ ។
លោក Shagban បានរៀបរាប់ថា នៅកន្លែងកើតហេតុមួយ សាកសពកប់នៅក្រោមគំនរបាក់បែក សាកសពខ្លះដាច់ដៃដាច់ជើង ដាច់ក្បាល ហើយសាកសពខ្លះទៀតនៅសល់ត្រឹមមួយកំណាត់ខ្លួនប៉ុណ្ណោះ ។ ពួកយើងដើរកាត់សាកសពប្រឡាក់ដាបដោយឈាមជោកជាំ ។
រូបភាពវីដេអូឃ្លីបក្រោយការវាយប្រហារ ឃើញលោក Shaghban និងក្រុមឆ្លើយតបដំបូងផ្សេងទៀត ដើរកាត់គំនរកបាក់បែកអគារ ។ លោក Shaghban ថា ពេលដែលមានជនរងគ្រោះច្រើនសន្ធឹកសន្ធាប់បែបហ្នឹង លោកពិតជារន្ធត់ចិត្តខ្លាំងណាស់ ប៉ុន្តែពួកយើងត្រូវធ្វើអ្វីដែលពួកយើងអាចធ្វើបាន ដើម្បីសង្រ្គោះអាយុជីវិតមនុស្ស ៕