កងកម្លាំងមកពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបើកការវាយប្រហារតាមច្រកអាកាសរួមគ្នាលើទីតាំងយោធានៅជិតរដ្ឋធានី Sanaa របស់ប្រទេសយេម៉ែន ដោយមានគោលដៅលើរោងចក្រផលិតយានដ្រូនរបស់ក្រុមឧទ្ទាមហ៊ូធី ។
នៅព្រឹកថ្ងៃពុធនេះ ចក្រភពអង់គ្លេស បានផ្តល់ការពន្យល់លម្អិតពីការវាយប្រហាររបស់ខ្លួន មិនដូចជាសហរដ្ឋអាមេរិកនោះទេ ដែលបានផ្តល់សេចក្តីលម្អិតតិចតួចប៉ុណ្ណោះ ជុំវិញការវាយប្រហាររាប់រយលើករបស់ពួកគេ ចាប់តាំងពីយុទ្ធនាការថ្មីចាប់ផ្តើមឡើងកាលពីថ្ងៃទី ១៥ ខែមីនាកន្លងទៅ ។
យោងតាមការអះអាងរបស់ក្រសួងការពារជាតិអង់គ្លេស បានឲ្យដឹងថា ការវាយប្រហារដែលបានកើតឡើងនៅចម្ងាយប្រហែល ២៤គ.មភាគខាងត្បូងទីក្រុង Sanaa កាលពីយប់កន្លងទៅ វាយប្រហារលើអគារដែលក្រុមចារកម្មអង់គ្លេសបញ្ជាក់ថា ជាទីតាំងប្រើប្រាស់ដើម្បីផលិតយានដ្រូន សម្រាប់វាយប្រហារនាវានៅក្នុងសមុទ្រក្រហម ។
ក្រសួងបន្តទៀតថា ប្រតិបត្តិការពួកគេរៀបចំឡើង ដើម្បីធ្វើឲ្យគ្រោះថ្នាក់ស៊ីវិលក្នុងកម្រិតអប្បរមា បើទោះបីជាពុំទាន់មានតួលេខផ្តល់ជូនក៏ដោយ ។
សហរដ្ឋអាមេរិកដែលបើកការវាយប្រហារម្តងហើយម្តងទៀតលើគោលដៅរបស់ក្រុមឧទ្ទាមហ៊ូធីអស់រយៈពេល ១ខែកន្លងមកនេះ នៅមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយនោះទេចំពោះប្រតិបត្តិការរួមគ្នារបស់ពួកគេ ៕