មន្ត្រីសភាម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា ប្រទេសចិនបានសម្រេចដកទណ្ឌកម្មពីសមាជិកបច្ចុប្បន្នចំនួន ៤រូប និងអតីតសមាជិកសភាអឺរ៉ុបមួយរូប ក៏ដូចជាពីអនុគណៈកម្មាធិការ ស្តីពីសិទ្ធិមនុស្សរបស់ប្លុកផងដែរ។
ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីរូបនោះបានប្រាប់ថា ប្រធានសភាអឺរ៉ុប លោកស្រី Roberta Metsola ត្រូវបានរំពឹងថា នឹងប្រកាសអំពីការផ្លាស់ប្តូរ នៅថ្ងៃពុធនេះ។
គួរបញ្ជាក់ថា ប្រទេសចិនបានបង្កើនការផ្ដោតលើបង្កើតទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយកាន់តែជិតស្និទ្ធជាមួយអឺរ៉ុប ដើម្បីកាត់បន្ថយផលប៉ះពាល់ពីអត្រាពន្ធលើការនាំចេញភាគច្រើនរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក។
នៅពេលត្រូវបានសួរ អំពីរបាយការណ៍ដែលថា ទីក្រុងប៉េកាំងនឹងដកទណ្ឌកម្មនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃពុធនេះថា៖ «កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសចិន និងអឺរ៉ុប គឺជាការបំពេញបន្ថែម និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក»។
លោកបានបន្ថែមថា៖ «ស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសចិន និងសហភាពអឺរ៉ុប (EU) គឺជាផ្នែកដ៏សំខាន់មួយនៃទំនាក់ទំនងចិន-EU ហើយយើងសង្ឃឹមថា ភាគីទាំង២ នឹងប្រឹងប្រែងសម្របសម្រួលគ្នា និងលើកកម្ពស់ការផ្លាស់ប្តូរ»។ លោកបានបញ្ជាក់ថា សមាជិកសភា EU មួយចំនួន នឹងទស្សនកិច្ចនៅចិនញឹកញាប់ជាងមុន៕