សារព័ត៌មានរដ្ឋ រាយការណ៍នៅថ្ងៃពុធនេះថា មនុស្សម្នាក់ បានស្លាប់ និងមនុស្ស ២១នាក់ផ្សេងទៀត បានរងរបួស ក្រោយការផ្ទុះអង្រួនតំបន់រស់នៅអ្នកស្រុកនៅខេត្តភាគខាងជើង Shanxi ប្រទេសចិន ។
រូបភាពវីដេអូឃ្លីបនៅលើបណ្តាញព័ត៌មានសង្គម ឃើញសំណុំផ្សែងយ៉ាងក្រាស់ហុយឡើងលើអាកាសនៅទីក្រុង Taiyuan ខណៈប្រជាពលរដ្ឋនាំគ្នាឈរមើលកន្លែងកើតហេតុ នៅមុខយានជំនិះជាច្រើនគ្រឿង ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងកន្លែងកើតហេតុ តាមរយៈប្លង់ផ្លូវ និងអគារដែលផ្គូរផ្គងជាមួយរូបភាពផ្កាយរណប ។
ចំណែកឯកាលបរិច្ឆេតផ្ទុះ ត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់ដោយសេចក្តីរាយការណ៍របស់រដ្ឋាភិបាលថា ហេតុការណ៍ផ្ទុះនេះ កើតឡើងនៅថ្ងៃទី ៣០ ខែមេសា ។
ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍ដោយពុំបានផ្តល់មូលហេតុនៃឧបទ្ទេវហេតុនេះថា ហេតុការណ៍ផ្ទុះខាងលើ បានកើតឡើងនៅវេលាម៉ោង ១ និង ១៧នាទីរសៀល ម៉ោងក្នុងស្រុកថ្ងៃពុធ ។
CCTV រាយការណ៍ទៀតថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ២១០នាក់ និងរថយន្តពន្លត់អគ្គិភ័យ ៤៣គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយមនុស្ស ២នាក់ កំពុងបាត់ខ្លួន ។
ហេតុការណ៍ផ្ទុះនេះ បានកើតមានរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយអគ្គិភ័យឆាបឆេះភោជនីយដ្ឋាននៅខេត្តភាគឦសាន Liaoning សម្លាប់មនុស្ស ២២នាក់ ៕