នៅតាមមន្ទីរពេទ្យដែលមានអ្នកជំងឺដ៏ច្រើនលើសលប់ក្នុងតំបន់ហ្កាហ្សា គ្រួសារកុមារឈឺ រង់ចាំការថែទាំសុខភាព ខណៈដែលគ្រូពេទ្យពិបាកព្យាបាលអ្នកជំងឺកើនឡើង ដោយសារកង្វះខាតគ្រឿងវេជ្ជសាស្រ្ត ។
អ្នកស្រី Dalia Abu Mohsen រង់ចាំឲ្យកូនស្រី Masa ដែលមានជំងឺច្រើនមុខ ជម្លៀសចេញទៅក្រៅប្រទេស សម្រាប់ការព្យាបាល ។
អ្នកស្រីនិយាយថា កូនស្រីអាយុ ៣ឆ្នាំរបស់គាត់ រលាកក្រដាសត្រចៀករ៉ាំរ៉ៃដែលប្រែទៅជាជំងឺក្លាយធ្ងន់ធ្ងរ បណ្តាលឲ្យរលាកឆ្អឹង ។
ដោយសារការបិទច្រកនៅតំបន់ហ្កាហ្សា ក្មេងស្រី Masa មិនអាចចាកចេញពីដែនដីមួយនេះបានឡើយ ដើម្បីស្វែងរកការព្យាបាល ។ ដោយសារកង្វះខាតគ្រឿងវេជ្ជសាស្រ្តចាំបាច់ និងការព្យាបាល ស្ថានភាពរបសក្មេងស្រីម្នាក់នេះ កាន់តែធ្ងន់ធ្ងរខ្លាំង ធ្វើឲ្យមានក្តីបារម្ភថា ការឆ្លងនឹងរីករាលដាលដល់ខួរក្បាលរបស់ក្មេងស្រី ។
ក្មេងស្រី Masa ស្ថិតនៅក្នុងចំណោមក្មេងៗជាច្រើនទៀត និងអ្នកជំងឺមនុស្សចាស់ ដែលគ្រូពេទ្យ និងក្រុមមន្រ្តីសុខភាពនិយាយថា ត្រូវការការព្យាបាលចាំបាច់នៅបរទេស ។
យោងតាមការអះអាងរបស់អង្គការសុខភាពពិភពលោក(WHO) បានឲ្យដឹងថា មនុស្សចន្លោះ ១១.០០០នាក់ ដល់ ១៥.០០០នាក់ នៅតំបន់ហ្កាហ្សា ត្រូវការជម្លៀសផ្នែកវេជ្ជសាស្រ្ត ។ ភាគច្រើននៃពួកគេរងគ្រោះដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា និងមនុស្សខ្លះទៀត កើតមានជំងឺរ៉ាំរ៉ៃ ៕