ស្របពេលដែលការប្រយុទ្ធគ្នាថ្មីនៅតំបន់ភាគខាងកើតកុងហ្គោរវាងរដ្ឋាភិបាល និងក្រុមឧទ្ទាម M23 ចូលដល់ខែទី ៤ ក្រុមវិចិត្រករក្នុងស្រុកនៅទីក្រុង Bukavu កាន់កាប់ដោយក្រុមឧទ្ទាម បានប្រើប្រាស់ការងារសិល្បះរបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងអំពើហិង្សា តាមរយៈការបង្កើតរូបគំនូរបង្ហាញពីតម្លៃមនុស្សនៅក្នុងសង្រ្គាម និងឧបាយកលប្រព័ន្ធផ្សព្វផ្សាយ ។
ក្រុមឧទ្ទាម M23ដែលអង្គការសហប្រជាជាតិ(UN)និយាយថា ត្រូវបានគាំទ្រដោយប្រទេសរ៉្វាន់ដា បានបើកការវាយប្រហារយ៉ាងឆាប់រហ័សកាលពីខែមករា ដណ្តើមបានទីក្រុងសំខាន់ Goma និងទីក្រុង Bukavu រួមទាំងអាកាសយានដ្ឋាននៅក្នុងទីក្រុងទាំង ២នេះ ។
ជម្លោះនេះដែរ បានធ្វើឲ្យមនុស្សជាង ១លាននាក់ជម្លៀសខ្លួន និងធ្វើឲ្យភាពតានតឹងជនជាតិភាគតិចកាន់តែធ្ងន់ធ្ងរទៅ ដែលបានបានចាក់ស្រេះ ចាប់តាំងពីអំពើប្រល័យពូជសាសន៍រ្វ៉ាន់ដា ឆ្នាំ ១៩៩៤ មកម្ល៉េះ ។
គំនូរផ្ទាំងកំណាត់របស់វិចិត្រករ Jerome Andema រៀបរាប់ពីបុរសម្នាក់ជាស្រមោលពណ៌ខ្មៅនៅផ្នែកខាងក្រោយមានពណ៌ខៀវ និងជានិមិត្តរូបតំណាងភាពឯកោពីព័ត៌មានមិនពិត ។
លោក Andema និយាយពីរោងជាងរបស់លោកថា បុរសម្នាក់នេះជឿថា ការខិតជិតបឹងគឺជាផ្លូវមួយធ្វើឲ្យខ្លួនលោកឯកោពីសហគមន៍របស់លោក ជាពិសេសពីមនុស្សដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត ព័ត៌មានមិនពិត និងរបាយការណ៍ដែលមិនបានបញ្ជាក់ផ្ទៀងផ្ទាត់ ។
តំបន់ជម្លោះ បានក្លាយជាកន្លែងសាបព្រួសព័ត៌មានមិនពិត ដោយមនុស្សជាច្រើនប្រើប្រាស់បណ្តាញព័ត៌មានសង្គម ដើម្បីផ្សព្វផ្សាយរឿងមិនពិត រួមទាំងអំណះអំណាងមិនពិតពីការធ្វើអន្តរាគមន៍យោធាបរទេស និងការឃុបឃិតអាវុធជីវសាស្រ្ត ។
ចំណែកឯវិចិត្រករ Patrick Cikuru Cirimwami ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយចម្រុះ បង្កើតជាស្នាដៃគំនូររបស់លោក រៀបរាប់ពីផលប៉ះពាល់នៃសង្រ្គាមលើកុមារ ។
លោក Cirimwami និយាយថា គំនូរមួយនេះ បង្ហាញពីបញ្ហាបណ្តាលមកពីសង្រ្គាម កុមារដែលឪពុករបស់ពួកគេត្រូវបានសម្លាប់ ម្តាយរបស់ពួកគេត្រូវបានសម្លាប់ ហើយឥឡូវនៅសល់តែកុមារប៉ុណ្ណោះ ។
ក្រុមអ្នកសារព័ត៌មាននៅក្នុងតំបន់ ប្រឈមនឹងការគំរាមកំហែងធ្ងន់ធ្ងរ និងការចាប់ពិរុទ្ធពីរដ្ឋាភិបាល និងក្រុមឧទ្ទាម M23 កំហិតការធ្វើសេចក្តីរាយការណ៍ឯករាជ្យរបស់ពួកគេ ៕

