សហជីពនៅកម្ពុជា បានអបអរសាទរចំពោះរាជរដ្ឋាភិបាលក្នុងការផ្តល់ពានរង្វាន់«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាមធ្យោបាយគន្លឹះក្នុងការរក្សាកំណើនការងារ និងផលិតភាពខ្ពស់ជូនកម្មករនិយោជិត និងរោងចក្រសហគ្រាសដែលជាសារដ៏សំខាន់ក្នុងស្មារតី នៃទិវាពលកម្មអន្តរជាតិនៅថ្ងៃទី១ខែឧសភា។

លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា(NLC)បានថ្លែងថា៖«ខ្ញុំសូមចូលរួមអបអរសាទរចំពោះការផ្ដល់ពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ដែលជាស្មារតីដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិការងារ ហើយស្របទៅនឹងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលកំពុងយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យការងារ»។
លោកបានសង្កត់ធ្ងន់ទៅលើការកែប្រែយ៉ាងច្រើនតាមរយៈការចូលរួមអនុវត្តច្បាប់ និងលើកទឹកចិត្តបន្ថែមពង្រីកវិសាលភាពនៃសុខដុមនីយកម្មក្នុងវិស័យការងារឱ្យកាន់តែល្អប្រសើរថែមទៀត។ ក្រោយពីមានការផ្ដួចផ្ដើមឱ្យមានកម្មវិធីនេះ មានរោងចក្រសហគ្រាសជាច្រើនបង្ហាញពីចេតនាចង់ចូលរួមក្នុងការប្រកួតប្រជែងដណ្ដើមពានរង្វាន់នេះ។
លោក សំ សឿន បានលើកទឹកចិត្តឱ្យម្ចាស់រោងចក្រសហគ្រាសនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរចូលរួមឱ្យកាន់តែច្រើនថែមទៀត ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្មវិធីនេះ។ ជាពិសេសលើកកម្ពស់សិទ្ធិការងារនៅកម្ពុជាឱ្យកាន់តែមានស្ដង់ដារខ្ពស់ក្នុងការប្រកួតប្រជែងគុណភាពជាមួយប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ី។

ចំណែកលោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC) បានលើកឡើងថា «ក្នុងនាមតំណាងសហជីព និងកម្មករនៅកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ក្នុងការផ្ដល់ពានរង្វាន់ក្នុងកម្មវិធីសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។
លោកបន្តថា៖«ខ្ញុំគាំទ្រពេញទំហឹងចំពោះកម្មវិធីនេះ ព្រោះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់សិទ្ធិការងារ ជួយសម្របសម្រួលការលំបាករបស់បងប្អូនកម្មករនិយោជិតបានច្រើន ដែលកំពុងធ្វើការនៅក្នុងរោងចក្រសហគ្រាសតាមរយៈការយកចិត្តទុកដាក់របស់ថៅកែរោងចក្រក្នុងការកែប្រែលក្ខខណ្ឌខ្លះឱ្យស្របតាមការកំណត់របស់គណៈកម្មការវាយតម្លៃនៃកម្មវិធីផ្ដល់ពានរង្វាន់នេះ»។
ក្រោយពីមានកម្មវិធីផ្ដល់ពានរង្វាន់នេះ លោក ចាន់សំណាង បានកត់សម្គាល់ឃើញថា ម្ចាស់រោងចក្រសហគ្រាសនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង និងផលិតកាបូប បានកែសម្រួលលក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិត កែសម្រួលបរិស្ថានក្នុងរោងចក្រ និងធ្វើកំណែទម្រង់ជាច្រើន ដើម្បីឱ្យស្របតាមលក្ខន្តិកៈនៃកម្មវិធី«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។
បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា នៅក្នុងដំណាក់កាលលើកដំបូងនេះ មានរោងចក្រសហគ្រាសចំនួន៣៦ ត្រូវបានគណៈកម្មការវាយតម្លៃ និងជ្រើសរើសឱ្យទទួលពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ប្រចាំឆ្នាំ២០២៥។
សហគ្រាសចំនួន៣៦ ត្រូវបានគណៈកម្មការវាយតម្លៃ និងជ្រើសរើសឱ្យទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៥នោះរួមមាន សហគ្រាសផ្នែកកាត់ដេរសម្លៀកបំពាក់ចំនួន ១៥, ផ្នែកផលិតស្បែកជើងចំនួន៤, ផ្នែកផលិតផលិតផលធ្វើ ដំណើរនិងកាបូបចំនួន៣, ផ្នែកអេឡិចត្រូនិកចំនួន ៤, សេវាកម្មហិរញ្ញវត្ថុចំនួន ៥, ឧស្សាហកម្មទេសចរណ៍ចំនួន ៣, ផ្នែកបង្គុំរថយន្តចំនួន ១ និងផ្នែកផ្សារទំនើបចំនួន១ផងដែរ។
ពានរង្វាន់ត្រូវបានបែងចែកជា ៣ប្រភេទដូចជា ពានមាស ផ្តល់ជូនសហគ្រាសចំនួន ២២សហគ្រាស ដែលនឹងត្រូវទទួលបានការលើកលែងការចុះអធិការកិច្ចការងារសាមញ្ញរយៈពេល ៣ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង។ ពានប្រាក់ ផ្តល់ជូនសហគ្រាសចំនួន ៥សហគ្រាស ដែលនឹងត្រូវទទួលបានការ លើកលែងការចុះអធិការកិច្ចការងារសាមញ្ញរយៈពេល ២ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង។
ចំណែកពានសំរឹទ្ធ ផ្តល់ជូនសហគ្រាសចំនួន ៩សហគ្រាស ដែលនឹងត្រូវទទួលបានការលើកលែងការចុះអធិការកិច្ចការងារសាមញ្ញរយៈពេល ១ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង។
សូមជម្រាបថា «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» គឺផ្ដួចផ្ដើមចេញពីការអនុវត្តអនុសាសន៍រួមគ្នារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអំឡុងពេលចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតកាលពីឆ្នាំ២០២៣នាពេលកន្លងទៅ៕






