ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអៈអាងថា តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១០លើពិភពលោកក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។ ក្នុងនោះគោលដៅ៩៥-៩៥-៩៥ តាមរយៈវឌ្ឍនភាពថ្មីៗកម្ពុជា អាចនឹងសម្រេចបានលើសពី៨៩ នៃគោលដៅ៩៥ ទី១(បច្ចុប្បន្នសម្រេចបាន៨៩-៩៨-៩៨)។
ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី យ៉ាងដូច្នេះ នាឱកាសអញ្ជើញធ្វើបាឋកថាស្តីពី ការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា ដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង, នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង កម្មវិធីនេះរៀបចំឡើងដើម្បីបង្កើនការយល់ដឹង និងការចូលរួមប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលមេរោគអេដស៍ និងជំងឺអេដស៍។ អញ្ជើញចូលរួមក្នុងកម្មវិធីបាឋកថារួមមាន ឯកឧត្តមសាស្រ្តាចារ្យសាកលវិទ្យាធិការ ឯកឧត្តម អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បុគ្គលិកអង្គការសុខភាពបុរស និងសាកលវិទ្យាធិការរង មន្រ្តី ព្រមទាំងនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង២០០នាក់។
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានសង្កត់បញ្ជាក់ថា បើការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ មានការចូលរួម និងគាំទ្រយ៉ាងសកម្មពីគ្រប់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ ព្រមទាំងមានកិច្ចសហការគ្នាបានល្អ នោះចំណុចខ្វះខាតដែលកំពុងកើតមានទាំងប៉ុន្មាននឹងត្រូវបានកែលម្អជាមិនខាន ដែលនៅទីបំផុតការឆ្លើយតបចំពោះមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា នឹងទទួលជោគជ័យយ៉ាងធំធេងជាមិនខាន។ ហើយការងារឆ្លើយតបនឹងមេរោគអេដស៍ជាការងារពហុវិស័យ រួមទាំងវិស័យសុខាភិបាលផង។ ការងារនេះ ត្រូវមានការចូលរួមពីតួអង្គពាក់ព័ន្ធជាច្រើន។ ក្នុងនោះ អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ជាអ្នកជំងឺមួយជីវិត៖ ១- ត្រូវការថ្នាំ និងសេវាព្យាបាលថែទាំល្អ ទៀងទាត់ យូរអង្វែង(វិស័យសុខាភិបាល) ២- មានផ្នត់គំនិតមិនដូចអ្នកជំងឺធម្មតាទេ អ្នកជំងឺធម្មតារត់រកពេទ្យ រកសេវាព្យាបាលថែទាំដោយសារខ្លាចស្លាប់ អ្នកជំងឺអេដស៍មិនខ្លាចស្លាប់ទេ និងមិនរត់រកពេទ្យទេ តែពេទ្យត្រូវរត់វិញ ៣- មានការខ្មាស់អៀន ៤- រងនូវការមាក់ងាយនិងរើសអើង ៥- ត្រូវការរស់នៅក្នុងសង្គមដូចសមាជិកឯទៀត ត្រូវការរៀនសូត្រ ត្រូវធ្វើការចិញ្ចឹមជីវិត ត្រូវការរស់នៅស្មើសិទ្ធិជាមួយប្រជាពលរដ្ឋឯទៀតដែរ(វិស័យអប់រំ ការងារ គាំពារសង្គម រដ្ឋបាល សាធារណៈ)។ ចំណែឯការបង្ការការឆ្លងមេរោគអេដស៍ត្រូវការ៖ ១- បញ្ជ្រាបការយល់ដឹងអំពីមេរោគអេដស៍ និងវិធីបង្ការការពារកុំឱ្យឆ្លងមេរោគអេដស៍នៅក្នុងចំណោមប្រជាជនគន្លឹះ(នារីបម្រើសេវាកម្សាន្ត ក្រុមរួមភេទជាមួយបុរស អ្នកបំប្លែងភេទ អ្នកចាក់គ្រឿងញៀន និងអ្នកប្រើគ្រឿងញៀនជាដើម) ២- លើកទឹកចិត្តអ្នកដែលសង្ស័យថាផ្ទុកមេរោគអេដស៍ឱ្យមកធ្វើតេស្ត ឱ្យចេះប្រើស្រោមអនាម័យ ចេះប្រើ ប្រឹព PrEP (វិធីលេបថ្នាំបង្ការជាមុន ការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍) ឬប៉ិប PEP(ការព្យាបាលបង្ការក្រោយពីប្រឈមនឹងការឆ្លងមេរោគអេដស៍)។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា ដោយសារមានការពាក់ព័ន្ធពីតួអង្គជាច្រើនដើម្បីឆ្លើយតបនឹង មេរោគអេដស៍ទើបអង្គការយូអិនអេដស៍ បានដាក់ចេញនូវគោលការណ៍បីមួយ គឺយុទ្ធសាស្ត្រឬក្របខ័ណ្ឌផែនការសកម្មភាពតែមួយ ស្ថាប័នសម្របសម្រួលតែមួយ និងប្រព័ន្ធតាមដានវាយតម្លៃតែមួយ។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក៏ត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ជាពហុវិស័យ។ ហើយនៅរៀងរាល់៥ឆ្នាំម្ដង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រៀបចំយុទ្ធសាស្ត្រគោលនយោបាយក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ ក៏ប៉ុន្តែ កាលពីឆ្នាំ២០២៤ កន្លងមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ នូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា បទពិសោធន៍ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជាក្នុងពេលកន្លងមកឱ្យឃើញថា គោលការណ៍រួមបី គឺភាពជាម្ចាស់ ឬភាពជាអ្នកដឹកនាំ ភាពជាដៃគូ និងការវិនិយោគ បានជួយជំរុញការអនុវត្តកម្មវិធីអេដស៍ឱ្យទទួលលទ្ធផលល្អគួរជាទីមោទនៈ៕ អត្ថបទ៖ រដ្ឋា





