ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio កាលពីថ្ងៃពុធ បានជំរុញឱ្យប្រទេសឥណ្ឌា និងប៉ាគីស្ថាន ធ្វើការជាមួយគ្នាដើម្បីកាត់បន្ថយភាពតានតឹង បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមកាលពីសប្តាហ៍មុន នៅតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសឥណ្ឌា ដែលបានសម្លាប់មនុស្ស២៦នាក់។

ក្រសួងការបរទេសបាននិយាយបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់ Rubio ថា លោក Rubio បានសន្ទនាដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ខណៈបង្ហាញការគាំទ្រដល់ប្រទេសឥណ្ឌាក្នុងការប្រយុទ្ធប្រឆាំងភាពជ្រុលនិយម និងជំរុញឱ្យប្រទេសប៉ាគីស្ថានសហការក្នុងការស៊ើបអង្កេតការវាយប្រហារនេះ។

ការសន្ទនាកាលពីថ្ងៃពុធ ស្ថិតក្នុងកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងការទូតក្នុងពេលដំណាលគ្នាដែលគេដឹងជាសាធារណៈពីទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី ២២ ខែមេសា។

ឥណ្ឌា គឺជាដៃគូសំខាន់មួយរបស់អាមេរិកក្នុងការទប់ទល់ឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន ហើយប្រទេសប៉ាគីស្ថាន នៅតែជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ទោះបីជាបញ្ហាសំខាន់ៗរបស់ខ្លួនបានថយចុះ ក្រោយការដកទ័ពសហរដ្ឋអាមេរិកនៅឆ្នាំ២០២១ ពីប្រទេសអាហ្វហ្គានីស្ថានដែលនៅជិតខាងក៏ដោយ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសធ្វើឡើង បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទ ដែលបានចាត់ទុកការវាយប្រហារនៅតំបន់កាស្មៀរថាជា «ភេរវកម្ម» និង «គ្មានហេតុផល» និងបាននិយាយថា លោក Rubio បាននិយាយទៅកាន់ភាគីប៉ាគីស្ថានអំពីតម្រូវការដើម្បីថ្កោលទោសសកម្មភាពនេះ។ លោក Rubio បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរបស់មន្ត្រីប៉ាគីស្ថាន ក្នុងការស៊ើបអង្កេតការវាយប្រហារដ៏បង្ហូរឈាមនេះ។ ជាមួយគ្នានេះ ការិយាល័យរបស់លោក Sharif បាននិយាយថា លោកបានស្នើសុំឱ្យ លោក Rubio ជំរុញឱ្យប្រទេសឥណ្ឌា «កាត់បន្ថយវោហាសាស្ត្ររបស់ខ្លួន»។