សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (៣០ មេសា) បានដាក់ទណ្ឌកម្មថ្មីៗលើលើអង្គភាពជាច្រើន ដែលខ្លួនចោទថាជាប់ពាក់ព័ន្ធក្នុងពាណិជ្ជកម្មខុសច្បាប់នៃប្រេង និងគីមីឥន្ធនៈរបស់អ៊ីរ៉ង់ នៅមុនកិច្ចចរចារជុំទី៤ ថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ ០៣ ឧសភា ខាងមុខនេះ ខណៈទីក្រុងវ៉ាស៊ីនតោន ព្យាយាមបង្កើនសម្ពាធលើទីក្រុងតេអេរ៉ង់។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងដាក់ទណ្ឌកម្មលើអង្គភាពចំនួន៧ ដែលមានមូលដ្ឋាននៅអារ៉ាប់រួម ទួរគី និងអ៊ីរ៉ង់ ដែលខ្លួនចោទថាបានជួញដូរប្រេង និងផលិតផលគីមីឥន្ធនៈរបស់អ៊ីរ៉ង់។ ក្នុងនោះ នាវាពីរគ្រឿងក៏ត្រូវបានកំណត់គោលដៅដោយទណ្ឌកម្មបែបនេះផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា សកម្មភាពនោះបានដាក់គោលដៅអ្នកលក់ ៤ស្ថាប័ន និងអ្នកទិញគីមីឥន្ធនៈអ៊ីរ៉ង់ ១ស្ថាប័ន ដែលមានតម្លៃរាប់រយលានដុល្លារ រួមទាំងនាវា ២គ្រឿង។

ទណ្ឌកម្មកាលពីថ្ងៃពុធនេះគឺជាវិធានការចុងក្រោយបំផុតដែលផ្តោតលើទីក្រុងតេអេរ៉ង់ ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក Donald Trump បានស្ដារឡើងវិញនូវយុទ្ធនាការ "សម្ពាធអតិបរមា" របស់លោកលើអ៊ីរ៉ង់ ដែលរួមបញ្ចូលទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីរុញទម្លាក់ការនាំចេញប្រេងរបស់ប្រទេសនេះឱ្យធ្លាក់ដល់សូន្យ និងរារាំងទីក្រុងតេអេរ៉ង់ មិនឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕