កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា ការសម្របសម្រួលបញ្ហាមីយ៉ាន់ម៉ា គឺដើម្បីសុខដុមនីយកម្មអាស៊ាន កុំឱ្យមានការបាត់បង់សមាជិកណាមួយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចនឹងអញ្ជើញធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីសម្របសម្រួលដោះស្រាយធ្វើយ៉ាងណាឱ្យអាស៊ាន មានសុដុមរមនាជាមួយគ្នាឡើងវិញ ព្រោះថាការសម្របសម្រួលដោះស្រាយ បញ្ហានេះ មិនអាចទៅនិយាយជាមួយអ្នកក្រៅបាននោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ ក្នុងពេលអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី គឺអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ ។
ដោយសាររដ្ឋាភិបាលថ្មីមីយ៉ាន់ម៉ា ត្រូវបានបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ និងអន្តរជាតិចាត់ទុកជារដ្ឋាភិបាលមិនស្របច្បាប់ ទើបកិច្ចប្រជុំកន្លងទៅនៅប្រុយណេដារ៉ូសាឡឹម មិនបានអញ្ជើញមេដឹកនាំមីយ៉ាន់ម៉ាចូលរួមនោះទេ ដោយត្រឹមតែអនុញ្ញាតឱ្យមានតំណាងមីយ៉ាន់ម៉ា១រូបចូលរួមប៉ុណ្ណោះ។ ប៉ុន្តែខណៈដែលសម្តេចតេជោ នឹងធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ សម្តេច មិនអាចទុកអាស៊ាននៅ៩នោះទេ អាស៊ានចាំចាច់ត្រូវតែមាន១០៕
អត្ថបទ៖ មុត សុទ្ធ







