មនុស្សជាច្រើន បានបើករថយន្តឆ្លងកាត់អណ្តាតភ្លើងនៅលើផ្លូវហាយវ៉េមួយកន្លែងនៅភាគកណ្តាលប្រទេសអ៊ីស្រាអែល ខណៈចំហេះព្រៃបានឆាបឆេះនៅជាយក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃពុធ។

សហគមន៍នានាដែលនៅក្បែរនោះ ត្រូវបានបង្ខំឱ្យជម្លៀសប្រជាជនចេញ ខណៈអ៊ីស្រាអែល បានអំពាវនាវសុំជំនួយពីអន្តរជាតិដើម្បីប្រយុទ្ធទប់ទល់អណ្តាតភ្លើងនៃចំហេះព្រៃ។ វីដេអូបានបង្ហាញពីភ្លើងកំពុងឆេះរាលដាលនៅតាមបណ្តោយផ្លូវហាយវ៉េ ពីទីក្រុងហ្សេរុយសាឡឹមទៅទីក្រុងតែលអាវីវ។

វីដេអូ បានបង្ហាញមនុស្សជាច្រើនបោះបង់ចោលរថយន្តរបស់ខ្លួន ហើយរត់ចេញពីអណ្តាតភ្លើង ខណៈផ្សែងយ៉ាងក្រាស់បានបក់មក។ មនុស្សជាច្រើននាក់បានរងរបួស ប៉ុន្តែពុំមានសេចក្តីរាយការណ៍ពីអ្នកស្លាប់នោះទេ។
នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថា ប្រទេសអ៊ីតាលី និងក្រូអាត ត្រូវបានគេរំពឹងថានឹងបញ្ជូនយន្តហោះពន្លត់អគ្គិភ័យដើម្បីជួយពន្លត់ចំហេះព្រៃ។ ក្រសួងការបរទេសបាននិយាយថា អ៊ីស្រាអែល ក៏បានអំពាវនាវទៅដល់ប្រទេសក្រិក ស៊ីប និងប្រទេសប៊ុលហ្គារី ផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា យ៉ាងហោចណាស់អង្គភាពសេវាពន្លត់អគ្គិភ័យ និងជួយសង្គ្រោះចំនួន១២០អង្គភាព បានចល័តក្រុមជាច្រើន រួមមានទាំងយន្តហោះ និងឧទ្ធម្ភាគចក្រ ដើម្បីព្យាយាមទប់ស្កាត់ការឆេះរាលដាល។ យោធា បាននិយាយថា កងកម្លាំងស្វែងរក និងជួយសង្គ្រោះរបស់ខ្លួន កំពុងជួយដល់ប្រតិបត្តិការនេះ។ ចំហេះព្រៃ បានកើឡើងនៅថ្ងៃរំលឹកដល់ទាហានអ៊ីស្រាអែលដែលបានស្លាប់ ហើយពិធីជាច្រើនដែលប្រារព្ធនៅមុនថ្ងៃបុណ្យឯករាជ្យ ក៏ត្រូវបានលុបចោល។