មនុស្សរាប់រយនាក់ បានចេញធ្វើបាតុកម្មនៅក្នុងទីក្រុងប្រទេសប៉ាណាម៉ា ដើម្បីតវ៉ាប្រឆាំងអនុស្សរណៈដែលអាចបង្កើនវត្តមានយោធារបស់សហរដ្ឋអាមេរិក នៅព្រែកជីកប៉ាណាម៉ា។

យោងតាមក្រសួងការបរទេសប៉ាណាម៉ាបានឲ្យដឹងថា អនុស្សរណៈដែលត្រូវបានចុះហត្ថលេខាកាលពីពាក់កណ្តាលខែមេសា ដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth និងរដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់ប្រទេសប៉ាណាម៉ា លោក Frank Alexis Abrego នឹងអនុញ្ញាតឱ្យមានការដាក់ទីតាំងបណ្តោះអាសន្ននៃបុគ្គលិកយោធាសហរដ្ឋអាមេរិក នៅក្នុងប្រទេសប៉ាណាម៉ា សម្រាប់សកម្មភាពសន្តិសុខរួមគ្នា។
ក្រុមអ្នកតវ៉ា បានអះអាងថា កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់ដែនអធិបតេយ្យភាពរបស់ប្រទេសប៉ាណាម៉ា។

សហរដ្ឋអាមេរិក បានបញ្ចប់ការសាងសង់ព្រែកជីកនៅដើមសតវត្សទី២០ ប៉ុន្តែបានប្រគល់ការគ្រប់គ្រងផ្លូវទឹកដ៏សំខាន់ជាយុទ្ធសាស្ត្រនេះដល់ប្រទេសប៉ាណាម៉ាក្នុងឆ្នាំ១៩៩៩។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយដដែលៗថា លោកចង់ «យកមកវិញ» ព្រែកជីកនេះ និងបាននិយាយថា នាវាអាមេរិក នឹងធ្វើដំណើរឆ្លងកាត់ព្រែកជីកដោយមិនបង់ប្រាក់។