តេក្វាន់ដូ៖ លោក ម៉ៅ ស្រេង អនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT បានចាត់ទុកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមថ្នាក់ជាតិគឺជាវគ្គដ៏សំខាន់ក្នុងការផលិតធនធានមនុស្ស ពិសេសមន្ដ្រីបច្ចេកទេស ហើយលោកសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងខិតខំសិក្សាស្វែងយល់បន្ថែមទៀត ដើម្បីវិវឌ្ឍន៍ខ្លួនក្លាយជាអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិត្រៀមទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
លោកបានគូសបញ្ជាក់បែបនេះនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះកាលពីថ្ងៃទី០៨ ខែធ្នូ ក្រោយដំណើរការរយៈពេល ៥ថ្ងៃដោយជោគជ័យ។ លោកថា គោលដៅនៃការរៀបចំវគ្គនេះដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសដល់សិក្ខាកាមជាអាជ្ញាកណ្ដាល-ចៅក្រមដើម្បីបម្រើឲ្យការប្រកួតថ្នាក់ជាតិ។ តែលោកលើកទឹកចិត្តឲ្យសិក្ខាកាមត្រូវបន្ដខិតខំអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត ដើម្បីក្លាយជាអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិដែលមានលទ្ធភាពត្រៀមចូលរួមកាត់សេចក្ដី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ដ្រនៅកម្ពុជា។ ឯកឧត្តម ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានលើកឡើងថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមតេក្វាន់ដូ WT ថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-០៨ ខែធ្នូ ឆ្នាំ២០២១ នៅសាលា ACE សាខាចាក់អង្រែក្រោម ដោយមានសិក្ខាកាមមកពីបណ្តាក្លិបកីឡាតេក្វាន់ដូ WT រាជធានី-ខេត្តចូលរួមចំនួន ២០នាក់ក្នុងនោះមកពីខេត្តបាត់ដំបងចំនួន ៤នាក់ ខេត្តសៀមរាប ៣នាក់ ខេត្តមណ្ឌលគិរីម្នាក់ និងរាជធានីភ្នំពេញ ១២នាក់។
ជាលទ្ធផលប្រឡងបញ្ចប់វគ្គ អាជ្ញាកណ្តាល-ចៅក្រមទទួលបាននិទ្ទេសល្អ ៣នាក់ស្មើ ១៥% ល្អបង្គួរ ១០នាក់ស្មើ ៥០% និងមធ្យម ៧នាក់ស្មើ ៣៥%។ ក្នុងឱកាសបិទវគ្គនេះក៏មានការចូលរួមពីលោក ទុយ វិច្ឆិកា ប្រធានការិយាល័យកីឡាទំនើបតំណាងលោក ហ៊ុន សាមុត នាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕
អត្ថបទ៖ លី ឈុនឡា