ជនជាតិប៉ាគីស្ថានជាច្រើនដែលរស់នៅក្នុងប្រទេសឥណ្ឌាបានធ្វើដំណើរទៅកាន់ច្រកឆ្លងកាត់ដីគោកដ៏សំខាន់រវាងឥណ្ឌា និងប៉ាគីស្ថានកាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងញូវដែលី ដែលបញ្ជាឱ្យពលរដ្ឋប៉ាគីស្ថានស្ទើរតែទាំងអស់ចាកចេញពីប្រទេសនេះ បន្ទាប់ពីការវាយប្រហារដ៏សាហាវកាលពីសប្តាហ៍មុននៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា។

ថ្ងៃផុតកំណត់សម្រាប់ពលរដ្ឋប៉ាគីស្ថានក្នុងការចាកចេញពីប្រទេសឥណ្ឌា ជាមួយនឹងការលើកលែងសម្រាប់អ្នកដែលមានទិដ្ឋាការវេជ្ជសាស្រ្តនៅក្នុងប្រទេសឥណ្ឌា បានផុតកាលកំណត់កាលពីថ្ងៃអាទិត្យ ប៉ុន្តែគ្រួសារជាច្រើននៅតែកំពុងធ្វើដំណើរទៅកាន់ផ្នែកព្រំដែនឥណ្ឌាក្នុងទីក្រុង Attari ភាគខាងជើងរដ្ឋ Punjab ដើម្បីឆ្លងចូលទៅក្នុងប្រទេសប៉ាគីស្ថានវិញ។

អ្នកខ្លះទៅដល់ប្រទេសប៉ាគីស្ថានវិញដោយខ្លួនឯង ហើយខ្លះទៀតត្រូវ នគរបាលឥណ្ឌានិរទេស។
អ្នកស្រី Sara Khan ជនជាតិប៉ាគីស្ថាន ដែលត្រូវបានបញ្ជាឱ្យត្រឡប់ទៅប្រទេសប៉ាគីស្ថានដោយគ្មានប្តីរបស់ខ្លួន ឈ្មោះ Aurangzeb Khan កាន់លិខិតឆ្លងដែនឥណ្ឌា បាននិយាយថាយើងបានតាំងទីលំនៅគ្រួសាររបស់យើងនៅទីនេះ។ យើងនឹងស្នើសុំរដ្ឋាភិបាលឥណ្ឌាកុំឲ្យបណ្ដេញក្រុមគ្រួសាររបស់យើងចេញ។

ដោយរង់ចាំនៅខាងទឹកដីឥណ្ឌានៃច្រកព្រំដែន អ្នកស្រី Khan ដែលបានបីកូនអាយុ១៤ ថ្ងៃរបស់អ្នកស្រីក្នុងដៃបាននិយាយថា ក្រុមអាជ្ញាធរឥណ្ឌាមិនបានផ្តល់ឱ្យពេលវេលាណាមួយសម្រាប់អ្នកស្រីជាសះស្បើយពីការវះនោះទេ ហើយទិដ្ឋាការរយៈពេលវែងរបស់អ្នកស្រីមានសុពលភាពរហូតដល់ខែកក្កដា ឆ្នាំ ២០២៦ឯណោះ ។
ភាពតានតឹងរវាងគូប្រជែងឥណ្ឌា និងប៉ាគីស្ថាន បានកើនឡើង បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស ២៦ នាក់ ដែលភាគច្រើនជាអ្នកទេសចរឥណ្ឌា នៅជិតទីក្រុងរមណីយដ្ឋាន Pahalgam ក្នុងជម្លោះកាស្មៀរ៕