កម្ពុជាបើកកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីប្រមូលធាតុចូលបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសពីរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅធ្វើឱ្យសេចក្តីព្រាងច្បាប់ថ្មី បានគ្រប់ជ្រុងជ្រោយ និងធានាបាននូវប្រសិទ្ធភាព។

ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែមេសា ម្សិលមិញនេះ បានដឹកនាំ កិច្ចប្រជុំពិគ្រោះយោបល់លើ “សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ” សេចក្តី ព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិថ្មី, ដែលនេះមិនមែនជាច្បាប់ដំបូងនោះទេ ប៉ុន្តែឯកសារនេះបានវិវត្តន៍ជាបន្តបន្ទាប់ ពីច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលខេត្ត និងក្រុង ឆ្នាំ១៩៩៨ និងបន្ទាប់ មកត្រូវបានកែសម្រួលឡើងវិញជា “ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ” ឆ្នាំ២០១១ ដោយនៅជាធរមានដល់សព្វថ្ងៃ។

ការតាក់តែងសេចក្តីព្រាងច្បាប់ថ្មីនេះ ធ្វើឡើងដោយមានការសិក្សាលើទិដ្ឋភាពសំខាន់ៗ និងចាំបាច់នៅក្នុងការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ បទពិសោធន៍នៃការអនុវត្តកន្លងមក និងការធានាបាននូវភាពស៊ីសង្វាក់គ្នាទៅ នឹងការកែទម្រង់ផ្សេងៗទៀត របស់រាជរដ្ឋាភិបាល ពិសេសបានគិតគូរអំពីកត្តាចាំបាច់មួយចំនួនដូចជា៖ កត្តាសមត្ថភាព និងធនធាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើឱ្យប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា, មានភាពបត់បែន និងងាយស្រួល អនុវត្ត ក្នុងគោលដៅផ្តល់ឆន្ទានុសិទ្ធិកាន់តែច្រើន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ នៅក្នុងការរៀបចំនិងអនុវត្តថវិកា។

សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានគិតគូរយ៉ាងគត់ហ្មត់ដោយផ្អែកលើគោលការណ៍គន្លឹះសំខាន់ៗរួមមាន៖ ការបន្តពង្រឹងភាព ជឿទុកចិត្តបាននៃថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ក្រោមសសរស្តម្ភ គឺការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការរក្សាតុល្យភាពនៃការអនុវត្តល្អរបស់កម្ពុជា និងការសិក្សា ពិនិត្យ និងថ្លឹងថ្លែង ជាមួយនឹងការអនុវត្តល្អជាអន្តរជាតិ និងបណ្តាប្រទេសក្នុងតំបន់៕ អត្ថបទ៖ សុន រ៉ាឌី



