ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអ៊ីរ៉ង់កាលពីថ្ងៃពុធសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Araghchi បាននិយាយថា ដូចដែលបានបញ្ជាក់ដោយប្រទេសអូម៉ង់ ជុំថ្មីនៃកិច្ចពិភាក្សាដោយប្រយោលគ្រោងនឹងធ្វើឡើងក្នុងរដ្ឋធានីរ៉ូម របស់អ៊ីតាលីនៅថ្ងៃសៅរ៍សប្ដាហ៍នេះ ដោយបន្តទម្រង់មួយក្នុងគោលបំណងស្តារឡើងវិញនូវផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) និងសម្រួលដល់ការដកទណ្ឌកម្មដឹកនាំដោយសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការបរទេសរូបនេះបាននិយាយថា អ៊ីរ៉ង់នឹងជួបពិភាក្សានុយក្លេអ៊ែរជាមួយចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ នៅទីក្រុងរ៉ូម នៅថ្ងៃសុក្រសប្ដាហ៍នេះ មុនជំនួបចរចាដោយប្រយោលជាមួយអាមេរិក ។ លោក Araghchi បានទទួលស្គាល់ថាឥទ្ធិពលនៃប្រទេសចំនួន៣របស់អឺរ៉ុប បានធ្លាក់ចុះដោយសារសម្ពាធរបស់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែបានសង្កត់ធ្ងន់លើឆន្ទៈរបស់ទីក្រុងតេអេរ៉ង់ ក្នុងការរក្សាភាគីអឺរ៉ុបឱ្យចូលរួម។
លោកAraghchiនិយាយថាទោះបីជាមានការថយចុះតួនាទីរបស់អឺរ៉ុបនៅក្នុងការចរចាទាំងនេះព្រោះយុទ្ធសាស្រ្តដែលមានកំហុសរបស់ពួកគេក៏ដោយ ក៏យើងមិនទាន់ត្រៀមខ្លួនរួចជាស្រេចដើម្បីដកពួកគេចេញដែរ។នោះហើយជាមូលហេតុដែលយើងយល់ព្រមជួបពួកគេម្តងទៀតនៅទីក្រុងរ៉ូម។

ឆ្លើយតបទៅនឹងសំណួរស្តីពីទ្រព្យសម្បត្តិដែលជាប់គាំងរបស់អ៊ីរ៉ង់នៅបរទេស លោក Araghchi បានរំលឹកឡើងវិញថា ការដោះលែងមូលនិធិអ៊ីរ៉ង់ ដែលត្រូវបានរារាំងនៅតែជាការទាមទារដ៏សំខាន់។ លោកបានបញ្ជាក់ថា មូលនិធិទាំងនេះ គឺជាផ្នែកមួយនៃរបបទណ្ឌកម្មដែលត្រូវតែដកចេញ។
លោកបានរិះគន់ជុំចុងក្រោយនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលត្រូវបានដាក់អំឡុងពេលដំណើរការចរចា ដោយព្រមានថាទង្វើបែបនេះបានធ្វើឱ្យមានការសង្ស័យទៅលើភាពស្មោះត្រង់របស់ទីក្រុងវ៉ាស៊ីនតោន៕