អាហ្វ្រិកខាងត្បូង៖ ប្រទេសអាហ្វ្រិកខាងត្បូងរាយការណ៍ករណីឆ្លងថ្មីនៃវីរុស COVID-19 ជិត ២០.០០០នាក់កាលពីថ្ងៃពុធ ជាចំនួនខ្ពស់បំផុតចាប់តាំងពីវីរុសបម្លែងខ្លួនថ្មី Omicron ត្រូវបានរកឃើញ និងមនុស្សស្លាប់ថ្មីទាក់ទងនឹងវីរុស COVID-19 ចំនួន ៣៦នាក់។ គេមិនច្បាស់ភ្លាមៗទេថា តើមានការឆ្លងប៉ុន្មាននាក់បណ្ដាលមកពីវីរុសបម្លែងខ្លួនថ្មី Omicron ដោយផ្ដល់ត្រឹមសំណាកប៉ុណ្ណោះ ប៉ុន្តែក្រុមអ្នកជំនាញជឿថា វីរុសនេះកំពុងបង្កឲ្យមានការឆ្លងរលកទី៤ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។

ស្ថិតិបានមកពីវិទ្យាស្ថានជាតិសម្រាប់ជំងឺឆ្លងដែលអាចតាមដានបានបញ្ជាក់ថា មានការណីឆ្លងសរុបចំនួន ៣,០៧១,០៦៤នាក់ និងស្លាប់សរុបទាក់ទងនឹងវីរុស COVID-19 ចំនួន ៩០,០៣៨នាក់ចាប់តាំងពីជំងឺរាតត្បាតសកលចាប់ផ្ដើមផ្ទុះឡើង។ អង្គការសុខភាពពិភពលោកបាននិយាយថា ករណីឆ្លងថ្មីនៃវីរុស Covid-19 នៅអាហ្វ្រិកខាងត្បូងមានចំនួនកើនឡើងទ្វេដងកាលសប្ដាហ៍កន្លងទៅ ខណៈវីរុសបម្លែងខ្លួនថ្មី Omicron កំពុងរាតត្បាត។ កាលពីថ្ងៃពុធ ប្រធានក្រុមបច្ចេកទេសជាន់ខ្ពស់ របស់អង្គការសុខភាពពិភពលោកគឺលោកស្រី Maria Van Kerkhove បាននិយាយថា ភស្តុតាំងបឋមពីអាហ្វ្រិកខាងត្បូងបង្ហាញថា វីរុសបម្លែងខ្លួនថ្មីនេះមានរោគសញ្ញាស្រាលជាងវីរុសបម្លែងខ្លួនថ្មីប្រភេទ Delta ប៉ុន្តែលោកស្រីនិយាយថា វាដូចជាឆាប់ពេកក្នុងការសន្និដ្ឋានបែបនេះ៕
អត្ថបទ៖ សុខមាន