ជើងហោះហើរ ចូលនិងចេញ ពីអាកាសយានដ្ឋាន Wellington ត្រូវបានលុបចោល ខណៈអាកាសធាតុមិនអំណោយផលខ្លាំងបានវាយលុកនៅឆ្នេរភាគខាងកើតប្រទេសនូវែលហ្សេឡង់។ ផ្នែកធំៗរបស់ប្រទេសកំពុងទទួលរងសម្ពាធ ខណៈភ្លៀងធ្លាក់និងខ្យល់បក់បោកខ្លាំង ត្រូវបានគេរំពឹងថានឹងកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ស្ថានភាពគ្រាអាសន្ន ត្រូវបានប្រកាសសម្រាប់សង្កាត់ Selwyn ក្នុងទីក្រុង Canterbury នៅឆ្នេរភាគខាងកើតកោះ South របស់ប្រទេសនូវែលហ្សេឡង់ ដោយសាលារៀនជាច្រើនកន្លែងត្រូវបានបង្ខំឱ្យបិទទ្វារ ហើយអ្នកស្រុកត្រូវបានគេស្នើសុំឱ្យជម្លៀសខ្លួនចេញ ខណៈទឹកទន្លេបន្តកើនឡើង។

ការព្រមាន និងការតាមដានអំពីភ្លៀងធ្លាក់ខ្លាំងរបស់ការរិយាល័យឧតុនិយម MetService ក៏នៅតែមានសម្រាប់ តំបន់និងឧបទ្វីបជាច្រើន។
ក្រុមប្រឹក្សាស្រុក Selwyn បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍ថា «ភ្លៀងធ្លាក់ខ្លាំងនៅតែបន្ត ដោយមានសញ្ញាព្រមានរហូតដល់ម៉ោង៦ល្ងាចនេះ ម៉ោងក្នុងតំបន់ «សូមកុំបើកបរលើផ្លូវមានទឹកជន់លិច ប្រសិនបើមិនចាំបាច់»។
ទោះបីជាមានការព្រមានពីការប្រុងប្រយ័ត្នជាមុនក៏ដោយ យើងក៏កំពុងស្នើសុំឱ្យអ្នកស្រុកនៅសង្កាត់ Selwyn Huts ជម្លៀសខ្លួនចេញដោយខ្លួនឯងពីតំបន់នេះ ដោយសារការព្រួយបារម្ភនៃទឹកជំនន់ពីទន្លេ Selwyn។