ឪពុកម្តាយរាប់សែននាក់នៅដែនដីហ្កាហ្សា កំពុងជួបការលំបាកក្នុងការចិញ្ចឹមកូនៗ និងខ្លួនរបស់ពួកគេផ្ទាល់ ខណៈទឹកដីបាឡេស្ទីនដែលហែកហួរដោយសង្រ្គាមមួួយនេះ ឆ្ពោះទៅរកគ្រោះទុរ្ភិក្ស កើតចេញពីការបិទផ្លូវទាំងស្រុងរបស់អ៊ីស្រាអែល ដែលពេលនេះជិតចូលដល់ខែទី៣ហើយ។

អស់រយៈពេលជិតពីរខែមកនេះ អ៊ីស្រាអែលបានឡោមព័ទ្ធតំបន់ហ្កាហ្សាទាំងស្រុង ដោយបដិសេធមិនអនុញ្ញាតឱ្យរថយន្តដឹកជំនួយមនុស្សធម៌ ឬទំនិញពាណិជ្ជកម្មណាមួយចូលទៅឡើយ ដោយនោះជារយៈពេលវែងបំផុតដែលអ៊ីស្រាអែល បានដាក់ការបិទផ្លូវទាំងស្រុងបែបនេះ។

អ៊ីស្រាអែលនិយាយថា ខ្លួនកាត់ផ្តាច់ការចូលជំនួយមនុស្សធម៌ដើម្បីដាក់សម្ពាធក្រុមហាម៉ាស ឱ្យដោះលែងចំណាប់ថ្នូរ ប៉ុន្តែអង្គការអន្តរជាតិនិយាយថា សកម្មភាពនេះបំពានច្បាប់អន្តរជាតិ ដោយអ្នកខ្លះបានចោទអ៊ីស្រាអែលថា បានប្រើភាពអត់ឃ្លានជាអាវុធ ដែលជាឧក្រិដ្ឋកម្មសង្រ្គាម។

ផលប៉ះពាល់នៅហ្កាហ្សា បានលេចចេញច្បាស់ណាស់ ដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រកាសនៅសប្តាហ៍នេះថា ឃ្លាំងស្តុកទំនិញរបស់ខ្លួនឥឡូវនេះអស់ហើយ ខណៈផ្ទះបាយសហគមន៍ចុងក្រោយក៏ជិតបិទ ហើយអាហារតិចតួចដែលនៅសល់ក្នុងទីផ្សាររបស់ហ្កាហ្សា ឥឡូវត្រូវបានគេលក់ក្នុងតម្លៃហួសហេតុ ដែលភាគច្រើនមិនអាចទិញបាន។
មនុស្សជាច្រើនបានប្រាប់សារព័ត៌មាន CNN ថា ម្សៅមីដ៏សាមញ្ញមួយកញ្ចប់ ឥឡូវនេះមានតម្លៃដល់ទៅ ១០០ដុល្លារ។ អង្គការផ្តល់ជំនួយ ដែលធ្លាប់ឆ្លើយតបចំពោះវិបត្តិស្បៀងអាហារកាន់តែយ៉ាប់យ៉ឺននៅហ្កាហ្សា ឥឡូវនេះក៏មិនមានចម្លើយដែរ ខណៈមនុស្សសែននាក់កំពុងអត់ឃ្លាន៕