តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បាននិយាយកាលពីថ្ងៃពុធ (៣០ មេសា) ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump រំពឹងថានឹងសម្រេចកិច្ចព្រមព្រៀងពន្ធដំបូង ជាមួយដៃគូពាណិជ្ជកម្មមួយចំនួនរបស់សហរដ្ឋអាមេរិក ក្នុងពេលប៉ុន្មានសប្តាហ៍ឆាប់ៗខាងមុខនេះ ប៉ុន្តែពុំទាន់មានការចរចាជាផ្លូវការជាមួយចិនឡើយ។

លោក Greer បានប្រាប់ទូរទស្សន៍ Fox News ថា រដ្ឋបាលលោក Trump គឺផ្តោតសំខាន់លើកិច្ចព្រមព្រៀង "គោលដៅ" ក្នុងបំណងបង្កើនទំហំទីផ្សារសម្រាប់ការនាំចេញរបស់សហរដ្ឋអាមេរិក កាត់បន្ថយពន្ធ និងរបាំងពាណិជ្ជកម្មមិនមែនពន្ធ ព្រមទាំងការពង្រឹងសន្តិសុខសេដ្ឋកិច្ចរបស់អាមេរិក។

លោក Greer បាននិយាយថា "កិច្ចព្រមព្រៀងជិតកើតមានហើយក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយកិច្ចព្រមព្រៀងដំបូងមួយចំនួននឹងត្រូវប្រកាស"។ លោកបន្ថែមថា ទោះជាយ៉ាងណាក្ដី កិច្ចពិភាក្សាជាផ្លូវការជាមួយភាគីចិន ពុំទាន់មានទេ ដោយបញ្ជាក់ថា រដ្ឋបាលលោក Trump ចង់មានពាណិជ្ជកម្មដោយស្មើភាពជាមួយទីក្រុងប៉េកាំង។

ចិន បាននិយាយរួចមកហើយថា មិនទាន់មានការសន្ទនាជាមួយអាមេរិកនៅឡើយទេ ដោយបញ្ជាក់ថា ជំហររបស់ទីក្រុងប៉េកាំងគឺមិនផ្លាស់ប្ដូរឡើយ ហើយបើកចំហសម្រាប់ការពិគ្រោះយោបល់ និងការសន្ទនា ប៉ុន្តែទម្រង់នៃការពិភាក្សាណាមួយត្រូវតែធ្វើឡើងដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅមក និងស្មើភាព៕