ស្ត្រីអាមេរិកកាន់តែច្រើន បានស្លាប់នៅក្នុងអំឡុងពេលសម្រាលកូនកាលពីឆ្នាំមុន នៅក្នុងកំណើនដំបូងធៀបទៅនឹងឆ្នាំ២០២៣ នេះបើយោងតាមទិន្នន័យបណ្ដោះអាសន្ន ដែលបានបង្ហោះកាលពីថ្ងៃពុធ (៣០ មេសា) ពីទីភ្នាក់សុខាភិបាលអាមេរិក។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ CDC របស់អាមេរិក បាននិយាយថា ស្រ្តី ៦៨៨នាក់ បានស្លាប់កាលពីឆ្នាំ២០២៤ អំឡុងពេលមានផ្ទៃពោះ ឬភ្លាមៗក្រោយសម្រាល។ នោះគឺកើនឡើងពីចំនួនអ្នកស្លាប់ ៦៦៩នាក់ ក្នុងឆ្នាំ២០២៣ ប៉ុន្តែធ្លាក់ចុះបន្តិចធៀបនឹងតួលេខឆ្នាំ២០២២ និងឆ្នាំ២០២១ នៅពេលដែលមានអ្នកស្លាប់ក្នុងកម្រិតខ្ពស់បំផុតក្នុងពេលជាង ៥០ឆ្នាំ។

អត្រាមរណភាពមាតាឆ្នាំ២០២៤ បានកើនឡើងដល់ ១៩នាក់ក្នុង ១០០.០០០ករណីនៃការសម្រាល ដោយកើនពីតួលេខ ១៨,៦ កាលឆ្នាំមុន។ CDC រាប់តួលេខស្ត្រី ដែលស្លាប់ក្នុងពេលមានផ្ទៃពោះ អំឡុងពេលសម្រាល និងរហូតដល់ ៤២ថ្ងៃបន្ទាប់ពីសម្រាល ក្នុងលក្ខខណ្ឌទាក់ទងនឹងការមានផ្ទៃពោះ។ ការហូរឈាមច្រើនពេក ការស្ទះសរសៃឈាម និងការឆ្លងមេរោគ ជាមូលហេតុចម្បងនៃការស្លាប់។
សហរដ្ឋអាមេរិក មានអត្រាមរណភាពមាតាខ្ពស់បំផុតក្នុងចំណោមប្រទេសអ្នកមានលើសកលលោក។ ការស្រាវជ្រាវកន្លងមកបានរកឃើញភាពខុសគ្នាខាងពូជសាសន៍យ៉ាងទូលំទូលាយនៅក្នុងការស្លាប់បែបនេះ ដោយស្ត្រីស្បែកខ្មៅស្លាប់ក្នុងអត្រាខ្ពស់ជាងស្ត្រីស្បែកសឆ្ងាយណាស់៕