និស្សិតបច្ចុប្បន្ន និងអតីត របស់សាកលវិទ្យាល័យតិចសាស់ UT នៅក្នុងទីក្រុង Austin របស់សហរដ្ឋអាមេរិក ចំនួន ៤នាក់ បានប្តឹងមហាវិទ្យាល័យ និងអភិបាលរដ្ឋតិចសាស់ លោក Greg Abbott កាលពីថ្ងៃពុធ (៣០ មេសា) ដោយចោទប្រកាន់ថា ពួកគេរងការចាប់ខ្លួនដោយខុសច្បាប់ និងការដាក់វិន័យបែបសងសឹក ចំពោះបាតុកម្មប្រឆាំងនឹងការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា។
បណ្តឹងនេះគឺស្ថិតក្នុងចំណោមរលកនៃសកម្មភាពផ្លូវច្បាប់ប្រឆាំងនឹងសាកលវិទ្យាល័យសហរដ្ឋអាមេរិក ការអនុវត្តច្បាប់ និងមេដឹកនាំរដ្ឋ ជុំវិញការដោះស្រាយយ៉ាងកម្រោលលើបាតុកម្មរបស់និស្សិតគាំទ្រប៉ាឡេស្ទីន ដែលបានផ្ទុះឡើងទូទាំងប្រទេសនៅនិទាឃរដូវកាលឆ្នាំ២០២៤។
ពាក្យបណ្តឹងនេះបានចោទសាកលវិទ្យាល័យ UT និងអភិបាលរដ្ឋ លោក Abbott រួមទាំងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត ថាបានបង្រ្កាបដោយចេតនានូវសុន្ទរកថាគាំទ្រប៉ាឡេស្ទីន នៅឯការតវ៉ាក្នុងបរិវេណសាលានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ព្រមទាំងចាប់ខ្លួនបាតុករដោយខុសច្បាប់។
ជាការឆ្លើយតប សាកលវិទ្យាល័យ UT និយាយថា ខ្លួនធ្វើសកម្មភាពនោះដើម្បីការពារសុវត្ថិភាពក្នុងបរិវេណសាលា អនុវត្តច្បាប់តវ៉ា ហើយការចាប់ខ្លួនភាគច្រើនគឺធ្វើទៅលើមនុស្សមកពីខាងក្រៅសាកលវិទ្យាល័យប៉ុណ្ណោះ៕