ក្រុមហ៊ួទី នៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំង F-18 របស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលវាយប្រហារទៅលើនាវាផ្ទុកយន្តហោះ USS Harry S. Truman និងបានបើកការវាយប្រហារថ្មីៗដោយយានដ្រូនក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដោយដាក់គោលដៅលើនាវាផ្ទុកយន្តហោះរបស់អាមេរិកមួយផ្សេងទៀត និងទីក្រុងជាច្រើនរបស់អ៊ីស្រាអែល។

អ្នកនាំពាក្យយោធាក្រុមហ៊ួទី លោក Yahya Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍របស់ក្រុមថា ការវាយប្រហារនៅសមុទ្រក្រហម បានបណ្តាលឱ្យមាន «ការបាញ់ទម្លាក់យន្តហោះចម្បាំង F-18 ធ្លាក់ ចូលទៅក្នុងសមុទ្រ» និងបង្ខំឱ្យនាវា Truman ដកថយទៅកាន់ព្រែកជីកស៊ុយអេ»។

កងទ័ពជើងទឹកសហរដ្ឋអាមេរិក និយាយថា យន្តហោះ F/A-18 Super Hornet បានបាត់នៅក្នុងសមុទ្រ បន្ទាប់ពីវាបានធ្លាក់ពីលើនាវា ខណៈកំពុងត្រូវបានផ្លាស់ទីនៅលើនាវា USS Harry S. Truman ។ មន្ត្រីអាមេរិកម្នាក់និយាយថា របាយការណ៍ដំបូងបង្ហាញថា យន្តហោះបានធ្លាក់ពីលើនាវា ខណៈនាវាផ្ទុកយន្តហោះធ្វើការបង្វែរយ៉ាងពិបាកដើម្បីគេចចេញពីការបាញ់ប្រហាររបស់ក្រុមហ៊ូទី។ លោក Sarea បាននិយាយថា ក្រុមនេះក៏បានដាក់គោលដៅលើនាវា USS Carl Vinson និងនាវាចម្បាំងអមដំណើរ នៅក្នុងសមុទ្រអារ៉ាប់ដោយយានដ្រូន។
ភាពតានតឹងរវាងក្រុមហ៊ូទី និងសហរដ្ឋអាមេរិក បានកើនឡើងចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានបន្តការវាយប្រហារតាមផ្លូវអាកាសឡើងវិញទៅលើទីតាំងរបស់ក្រុម ហ៊ូទី នៅក្នុងប្រទេសយេម៉ែន កាលពីថ្ងៃទី១៥ ខែមីនា។ សហរដ្ឋអាមេរិក បានព្យាយាមរារាំងក្រុមនេះពីការដាក់គោលដៅទៅលើអ៊ីស្រាអែល នាវាពាណិជ្ជកម្ម និងទ្រព្យសម្បត្តិកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅក្នុងតំបន់។