នាយករដ្ឋមន្ត្រីប្រទេសលីប៊ី លោក Abdul-Hamed Dbeibah កាលពីថ្ងៃពុធបានបញ្ជាឱ្យបិទបេសកកម្មការទូតចំនួន២៥កន្លែងនៅក្រៅប្រទេស និងកាត់បន្ថយចំនួនអ្នកការទូតលីប៊ី ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការចំណាយសាធារណៈ។

ការសម្រេចចិត្តនេះ នឹងនាំឱ្យមានការបិទស្ថានទូត ស្ថានកុងស៊ុល និងបេសកកម្មចំនួន២៥កន្លែង រួមមាននៅបុរីវ៉ាទីកង់ ប្រទេសអាល់បានី វៀតណាម និងប្រទេសកោះស៊ីស្ហែល ហើយដាក់បញ្ចូលគ្នាទៅក្នុងបេសកកម្មលីប៊ីក្នុងប្រទេសរួមមានប្រទេសអ៊ីតាលី ម៉ាឡេស៊ី និងប្រទេសកេនយ៉ា។

សេចក្តីសម្រេចនេះ ក៏អំពាវនាវឲ្យមានការបង្កើតគណៈកម្មាធិការមួយដើម្បីកាត់បន្ថយចំនួនអ្នកការទូត និងបុគ្គលិកក្នុងបេសកកម្មលីប៊ីនៅបរទេស។ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយសាជីវកម្មប្រេងជាតិគ្រប់គ្រងដោយរដ្ឋ លោក Dbeibah បានប្រកាសពីបំណងកាត់បន្ថយចំនួនអ្នកការទូតលីប៊ីនៅបរទេសចំនួន២០ភាគរយ។
លោក Dbeibah បាននិយាយក្នុងអំឡុងកិច្ចប្រជុំថា «យើងនឹងបិទស្ថានទូតមួយចំនួន។ នេះគឺជាការសម្រេចចិត្តដ៏សំខាន់មួយសម្រាប់ប្រជាជន ហើយចំណាត់ការនេះនឹងជួយបង្កើតអតិរេកនៃការប្រើប្រាស់រូបិយប័ណ្ណបរទេស ជាពិសេសចាប់តាំងពីស្ថានទូតទាំងនេះប្រើប្រាស់បរិមាណប្រាក់ដ៏ច្រើន»។ ការសម្រេចចិត្តរបស់ លោក Dbeibah ធ្វើឡើងក្នុងពេលមានការអំពាវនាវកាន់តែខ្លាំងឡើងដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យប្រសើរស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសលីប៊ី។