ស្នូកឃ័រ៖ កីឡាករស្នូកឃ័រ Jimmy Robertson បានបំបែកកំណត់ត្រាកីឡាករដែលរកបានច្រើនពិន្ទុបំផុតក្នុង ១ហ្វ្រេមអំឡុងការប្រកួតដែលយកឈ្នះកីឡាករ Lee Walker នៅព្រឹត្តិការណ៍ស្នូកឃ័រជើងឯក Scottish Open។ កីឡាករអង់គ្លេសរូបនេះបានយកឈ្នះការប្រកួតនេះដោយលទ្ធផល ៤-១ ខណៈហ្វ្រេមដែលរកបានពិន្ទុច្រើនជាងគេនោះគឺនៅហ្វ្រេមទី៥ ចុងក្រោយគេតែម្តងដែលរកបានដល់ទៅ ១៧៨ពិន្ទុ។

១៧៨ពិន្ទុបានមកការវាយបាន ១៣៤ពិន្ទុ និងបូកទាំងកំហុសរបស់ Lee Walkers ៤៤ពិន្ទុ។ កំណត់ត្រាកីឡាករដែលរកបានមួយហ្វ្រេមច្រើនពិន្ទុជាងគេគឺ Dominic Dale តាំងពីឆ្នាំ១៩៩៩ នៅព្រឹត្តិការណ៍ជើងឯកពិភពលោកដែលរកបានត្រឹម ១៦៧ពិន្ទុ។ ងាកមកលទ្ធផលគូប្រកួតផ្សេងទៀតនៅ Scottish Open នេះវិញអតីតជើងឯកពីរសម័យ Ronnie O’Sullivan បានឈានចូលជុំបន្តផងដែរក្រោយយកឈ្នះមកពីកោះស៊ីប Michael Georgiou ៤-០ហ្វ្រេម។ អ្នកការពារជើងឯក និងជាកីឡាករលេខ ១ ពិភពលោក Mark Selby បានយកឈ្នះកីឡាករ Oliver Lines ៤-១ហ្វ្រេមស្របពេលជើងឯករង UK Championship ថ្មីកីឡាករប៊ែលហ្ស៊ិក Luca Brecel យកឈ្នះ Joe Perry ៤-២ហ្វ្រេម។ ចំណែកឯកីឡាករស្កុតឡេន Anthony McGill នឹងត្រូវជួបជាមួយកីឡាករអូស្ត្រាលី Neil Robertson ក្រោយយកឈ្នះ Chris Wakelin ៤-១ហ្វ្រេម ខណៈមិត្តរួមជាតិស្កុតឡេន Stephen Maguire យកឈ្នះកីឡាករថៃ Sunny Akani ៤-១ហ្វ្រេមផងដែរ៕
អត្ថបទ៖នាង សុភាវុធ