មន្ត្រីសន្តិសុខម្នាក់ បាននិយាយកាលពីថ្ងៃពុធថា កងទ័ពលីបង់ បានរុះរើ«ជាង ៩០% នៃហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡា នៅជិតព្រំដែនជាមួយនឹងប្រទេសអ៊ីស្រាអែល ចាប់តាំងពីមានបទឈប់បាញ់ នៅខែវិច្ឆិកា។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បានប្រាប់សារព័ត៌មាន AFP ថា៖ «យើងបានរុះរើហេដ្ឋារចនាសម្ព័ន្ធជាង ៩០% នៅតំបន់ភាគខាងត្បូងនៃទីក្រុង Litani»។

ទន្ទឹមនឹងនោះដែរ ប្រធានាធិបតីលីបង់លោក Joseph Aoun បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News Arabia ថា ពេលនេះ កងទ័ពបានគ្រប់គ្រងជាង ៨៥%នៃភាគខាងត្បូងរបស់ប្រទេសនេះ។
កិច្ចព្រមព្រៀងបទឈប់បាញ់នៅខែវិច្ឆិកា ដែលបានបញ្ចប់អរិភាពរយៈពេលជាងមួយឆ្នាំ រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល គឺផ្អែកលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបញ្ជាក់ថា ទាហានលីបង់ និងកងរក្សាសន្តិភាពអង្គការUN គួរតែជាកងកម្លាំងតែមួយគត់ នៅភាគខាងត្បូងលីបង់។
នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហេសបូឡា ត្រូវដកយុទ្ធជនរបស់ខ្លួន នៅភាគខាងជើងនៃទន្លេ Litani របស់ប្រទេសលីបង់ ដែលមានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រ (២០ម៉ាយ) ចេញពីព្រំដែនអ៊ីស្រាអែល ហើយរុះរើហេដ្ឋារចនាសម្ព័ន្ធយោធា ដែលនៅសល់ទៅភាគខាងត្បូងរបស់ខ្លួន។
មន្ត្រីរូបនេះ បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធក្រោមដីដ៏រឹងមាំរបស់ក្រុមហេសបូឡា ភាគច្រើននៅភាគខាងត្បូង ត្រូវបាន«បំពេញ និងបិទ»ដោយកងទ័ព។
