លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoigu បាននិយាយថា អឺរ៉ុបកំពុងស្វែងរកការអូសបន្លាយជម្លោះនៅអ៊ុយក្រែន និងរារាំងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ពីការធ្វើឲ្យទំនាក់ទំនងរបស់ពួកគេមានប្រក្រតីភាពឡើងវិញ។
លោកបានថ្លែងថា រុស្ស៊ីមិនមានការបំភាន់អំពីសមត្ថភាពរបស់រដ្ឋាភិបាលទីក្រុងគីវ ក្នុងការចរចានោះទេ ដោយបន្ថែមថា នេះគឺជា«ការអនុវត្តជាប្រចាំរបស់រដ្ឋាភិបាលក្រុងគីវ ដើម្បីរំលោភលើការសន្យាដែលបានធ្វើរួចហើយនោះ»។

លោកបានប្រាប់កិច្ចប្រជុំ BRICS នៅក្នុងប្រទេសប្រេស៊ីល នៅក្នុងសុន្ទរកថាតាមវីដេអូមួយថា៖«ការបំផ្លិចបំផ្លាញនៃការផ្អាកការវាយប្រហារលើទីតាំងថាមពលរយៈពេល ៣០ថ្ងៃ និងការរំលោភបំពានរាប់លើកមិនអស់លោកបទឈប់បាញ់ថ្ងៃបុណ្យណូអែល គឺជាឧទាហរណ៍ច្បាស់លាស់របស់របបទីក្រុងគីវ។
លោកបានលើកឡើងថា៖«បណ្តាប្រទេសនៅអឺរ៉ុបកំពុងលើកទឹកចិត្តទីក្រុងគីវឲ្យធ្វើសកម្មភាពបែបនេះ»។
លោកបានបន្ថែមថា៖«ពួកគេ [បណ្តាប្រទេសនៅអឺរ៉ុប] បានព្យាយាមអូសបន្លាយជម្លោះឲ្យបានកាន់តែយូរតាមដែលអាចធ្វើទៅបាន និងទប់ស្កាត់ការធ្វើប្រក្រតីភាពទំនាក់ទំនងរុស្ស៊ី-អាមេរិក»។
កាលពីថ្ងៃទី ២៨ ខែមេសា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានប្រកាសពីការសម្រេចចិត្ត ដើម្បីអនុវត្តបទឈប់បាញ់ ដែលស្របនឹងខួបលើកទី ៨០ នៃជ័យជម្នះ ក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ។ បទឈប់បាញ់នេះ គ្រោងនឹងចូលជាធរមាន ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ០៨ ខែឧសភា ដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី ១១ ខែឧសភា ។ យោងតាមវិមានក្រឹមឡាំង «អរិភាពទាំងអស់ ត្រូវបញ្ឈប់ ក្នុងអំឡុងពេលនេះ»។
