អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃពុធ (ទី៣០ ខែមេសា) បាននិយាយថា ប្រសិនបើចាំបាច់ ប្រទេសរុស្ស៊ីអាចកេណ្ឌកម្លាំងទ័ព សម្រាប់សង្គ្រាមក្នុងកម្រិតមួយ ដែលអាចប្រៀបធៀបទៅនឹងសម័យសហភាពសូវៀត ក្នុងអំឡុងសង្គ្រាមលោកលើកទី២។
អំឡុងថ្លែងសុន្ទរកថា នៅឯសារមន្ទីរជ័យជម្នះ (Victory Museum) នៅទីក្រុងមូស្គូ លោក Peskov បាននិយាយថា៖ «ប្រសិនបើប្រទេសដ៏អស្ចារ្យមួយត្រូវក្រោកឈរឡើង វានឹងក្រោកឈរឡើងនៅពេលណាមួយ។ គ្មាននរណាម្នាក់មានមន្ទិលសង្ស័យនោះទេ»។

លោកបានអះអាងថា ប្រជាជនរុស្ស៊ី «រាប់លាននាក់» កំពុងជួយដល់កិច្ចប្រឹងប្រែងយោធា ប្រឆាំងនឹងអ៊ុយក្រែនរួចហើយ តាមរយៈការប្រមូលជំនួយ ការបញ្ជូនឧបករណ៍ និងគ្រាប់រំសេវទៅកាន់សមរភូមិជួរមុខ ជាមួយនឹងមូលនិធិផ្ទាល់ខ្លួន។ លោក Peskov បានបន្ថែមថា៖ «ប្រជាជនសូវៀតប្រហែល ៣០លាននាក់ បានពលីជីវិតរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំងជាមួយពួកហ្វាស៊ីសនិយម»។
ប្រភពព័ត៌មានដែលស្និទ្ធនឹងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានប្រាប់សារព័ត៌មាន Wall Street Journal ថា ការអត្ថាធិប្បាយរបស់លោក Peskov កើតឡើងនៅពេលដែលអាជ្ញាធររុស្ស៊ីជ្រើសរើសមនុស្សចូលទាហានពី ៣០.០០០នាក់ ទៅ ៤០.០០០នាក់ជារៀងរាល់ខែ។
ជំនួសឲ្យការចូលបម្រើយោធាជាផ្លូវការ វិមានក្រឹមឡាំងបានពឹងផ្អែកលើការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងយុទ្ធនាការជ្រើសរើសបុគ្គលិកយ៉ាងសកម្ម ដើម្បីបំពេញជួរកងទ័ពរបស់ខ្លួន ក្នុងនោះរួមទាំងការផ្តល់កិច្ចសន្យាដែលមានកញ្ចប់ទឹកប្រាក់យ៉ាងច្រើនដល់អ្នកស្ម័គ្រចិត្តផងដែរ។
ទោះបីជាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជៀសវាងកំណែនទ្រង់ទ្រាយធំមួយផ្សេងទៀត បន្ទាប់ពីការកេណ្ឌដោយផ្នែក នៅឆ្នាំ២០២២ បង្កឲ្យមានការចាកចេញពីប្រទេសរបស់ប្រជាជនរុស្ស៊ីជាង ២៦១.០០០នាក់នោះ ក៏ថ្នាក់ដឹកនាំយោធាត្រូវបានគេរាយការណ៍ថា កំពុងដាក់សម្ពាធដល់វិមានក្រឹមឡាំងឲ្យចាប់ផ្តើមកំណែនទ័ពដ៏ធំទូលំទូលាយមួយ៕

