របបយោធាមីយ៉ាន់ម៉ា បានបណ្ដោយឲ្យបទឈប់បាញ់ដែលត្រូវបានប្រកាសដើម្បីជំរុញកិច្ចប្រឹងប្រែងផ្តល់ជំនួយបន្ទាប់ពីមានគ្រោះរញ្ជួយដីខែមីនា ផុតកំណត់នៅថ្ងៃទី១ ខែឧសភា ជាបទឈប់បាញ់ដែលអ្នកឃ្លាំមើលលើកឡើងថា ត្រូវបានរំលោភឥតឈប់ឈរ ជាមួយនឹងការវាយប្រហារតាមអាកាស។
រញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា នៅសហភាពមីយ៉ាន់ម៉ា បានឆក់យកជីវិតមនុស្សជិត ៣.៨០០នាក់ និងបានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់គ្មានផ្ទះសម្បែងជ្រកកោន ខណៈដែលរដូវមូសុងរដូវក្តៅ ជិតមកដល់។
របបយោធាដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ ដែលបង្កឲ្យមានសង្រ្គាមស៊ីវិលពីភាគីជាច្រើន បានប្រកាសបទឈប់បាញ់នៅថ្ងៃទី២ ខែមេសា ហើយបានបន្តពេលវេលាបន្ថែមកាលពីសប្តាហ៍មុន ខណៈដែលក្រុមផ្ដល់ជំនួយ បានព្រមានអំពីដំណើរផ្លូវដ៏វែងឆ្ងាយ ដើម្បីស្តារឡើងវិញពីគ្រោះមហន្តរាយនេះ។

បទឈប់បាញ់នេះ បានផុតកំណត់នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី៣០ ខែមេសា ដោយក្រុមព័ត៌មានរបស់របបយោធាមិនបានប្រកាសពីការពន្យារពេលនោះឡើយ។ អ្នកនាំពាក្យរបបយោធាមិនអាចទាក់ទងបានទេ ដើម្បីសុំការបំភ្លឺ នៅថ្ងៃនោះ។
ក្រុមអ្នកឃ្លាំមើលពីមជ្ឈមណ្ឌលសម្រាប់ភាពធន់នឹងព័ត៌មានដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានកត់ត្រាការវាយប្រហារតាមអាកាសចំនួន ៦៥លើក ដោយយោធា អំឡុងបទឈប់បាញ់នោះ ដោយភាគច្រើន បានធ្វើឡើងនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយរញ្ជួយដី។
នៅពេលដែលយោធា បានសន្យាថា នឹងផ្អាកការវាយលុក របបនេះបានព្រមានដល់ក្រុមប្រឆាំងរដ្ឋប្រហារ និងក្រុមប្រដាប់អាវុធជនជាតិភាគតិចជាច្រើន ដែលខ្លួនកំពុងប្រយុទ្ធជាមួយថា ការវាយប្រហារបកវិញ នឹងកើតមាន ប្រសិនបើពួកគេរុលទៅមុខ៕

