វាយកូនគោល៖ អតីតកីឡាករវាយកូនគោលលេខ ១ ពិភពលោក Tiger Woods នឹងវិលចូលទីលានប្រកួតវិញជាលើកដំបូងតាំងពីគ្រោះថ្នាក់ចរាចរកាលពីខែកុម្ភៈ ដោយនឹងចាប់ដៃគូជាមួយកូនប្រុសរបស់ខ្លួនក្នុងការប្រកួតកម្មវិធី PNC Championship សប្តាហ៍ក្រោយ។ ជើងឯកកម្មវិធីធំ ១៥លើករូបនេះបានអវត្តមានពីការប្រកួតតាំងពីគ្រោះថ្នាក់ចរាចរ រងរបួសជើងធ្ងន់ធ្ងរកាលពីខែកុម្ភៈនៅទីក្រុង Los Angeles។

បុរសវ័យ ៤៥ឆ្នាំរូបនេះធ្លាប់និយាយកាលពីខែមុនថា គេមិនរំពឹងថានឹងចូលលេងវិញក្នុងកម្មវិធី Tour បានគ្រប់កម្មវិធីឡើយក្រោយពីហេតុការអកុសលនេះ។ ព្រឹត្តិការណ៍វាយកូនគោល PNC Championship មានសរុបចំនួន ៣៦ឡូដែលមានការចូលរួមដោយកីឡាករអាជីព ដែលធ្លាប់ឈ្នះជើងឯកកម្មវិធីធំចាប់ដៃគូជាមួយកូនរបស់ខ្លួន រឺកូនប្រុសជាកីឡាករអាជីពធ្លាប់ឈ្នះជើងឯកកម្មវិធីធំចាប់ដៃគូជាមួយឪពុក។ ការប្រកួតនេះមានសរុប ២០ក្រុមខណៈក្រុមការពារជើងឯកគឺជើងឯក PGA Championship ឆ្នាំ២០១៧ Justin Thomas ជាមួយឪពុក Mike Thomas៕
អត្ថបទ៖នាង សុភាវុធ