WHO៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាននិយាយថា វីរុសបម្លែងខ្លួនថ្មី Omicron បច្ចុប្បន្ននេះត្រូវបានរាយការណ៍នៅក្នុង ៥៧ប្រទេស ហើយយើងរំពឹងថាចំនួននេះនឹងបន្តកើនឡើង។ លក្ខណៈពិសេសមួយចំនួនរបស់វីរុសថ្មី Omicron រួមទាំងការរាលដាលជាសកលរបស់វា និងចំនួននៃការប្រែប្រួលបង្ហាញថា វីរុសនេះអាចមានឥទ្ធិពលទៅលើដំណើរនៃការឆ្លងរាតត្បាត។

ថ្លែងនៅក្នុងទីក្រុងហ្សឺណែវ លោក Tedros បាននិយាយថា ប្រទេសអាហ្វ្រិកខាងត្បូងចំនួនករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Omicron កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ទោះយ៉ាងណាវីរុសថ្មី Omicron ត្រូវបានគេរកឃើញនៅពេលដែលការចម្លងវីរុសបម្លែងខ្លួន Delta ធ្លាក់ចុះ។ ដូច្នេះវាមានសារៈសំខាន់ក្នុងការពិនិត្យដោយប្រុងប្រយ័ត្ន នូវអ្វីដែលកើតឡើងនៅជុំវិញពិភពលោកដើម្បីស្វែងយល់ថា តើវីរុសបម្លែងខ្លួនថ្មី Omicron អាចមានការប្រឈមលើសពីវីរុសបម្លែងខ្លួន Delta ឬយ៉ាងណា។ សម្រាប់ហេតុផលនេះប្រធានអង្គការសុខភាពពិភពលោកបាននិយាយថា យើងសូមអំពាវនាវឱ្យប្រទេសទាំងអស់បង្កើនការតាមដាន ការធ្វើតេស្ត និងវិធានការតាមលំដាប់លំដោយ។ លោកបាននិយាយថា ទិន្នន័យដែលកំពុងលេចចេញមកពីប្រទេសអាហ្វ្រិកខាងត្បូង បង្ហាញពីការកើនឡើងហានិភ័យនៃការឆ្លងម្តងទៀត ជាមួយវីរុសបម្លែងខ្លួនថ្មី Omicron ប៉ុន្តែទិន្នន័យបន្ថែមទៀតគឺត្រូវការជាចាំបាច់ ដើម្បីធ្វើការសន្និដ្ឋានឱ្យកាន់តែប្រាកដ។
វាមានភស្តុតាងមួយចំនួនដែលថា វីរុស Omicron បង្កឱ្យមានជំងឺស្រាលជាងវីរុសបម្លែងខ្លួន Delta ប៉ុន្តែវាឆ្លងលឿនជាងការកំណត់ច្បាស់លាស់។ លោក Tedros បាននិយាយថា ជំហានដែលប្រទេសនានាត្រូវធ្វើនៅថ្ងៃនេះ និងពេលខាងមុខនឹងត្រូវកំណត់ពីរបៀបដែលវីរុសបម្លែងខ្លួន Omicron បង្ហាញ។ យើងកំពុងអស់វិធីដើម្បីនិយាយពីរឿងនេះ ប៉ុន្តែយើងនឹងបន្តនិយាយវា យើងទាំងអស់គ្នា គ្រប់រដ្ឋាភិបាល និងបុគ្គលគ្រប់រូបត្រូវតែប្រើឧបករណ៍ទាំងអស់ដែលយើងមាននាពេលនេះ។ ដូច្នេះវាពិតជាមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងការយល់ ដូចដែលយើងកំពុងនិយាយអំពីវីរុសបម្លែងខ្លួនថ្មី Omicron និងវ៉ាក់សាំង៕
អត្ថបទ៖ ប៊ុនថន