មន្ត្រីសន្តិសុខជាន់ខ្ពស់របស់រុស្ស៊ី គឺលោក Dmitry Medvedev នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែឧសភា) នេះ បានលើកឡើងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ រវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិក បានន័យថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ខំទីក្រុងគីវឲ្យបង់ប្រាក់ សម្រាប់ជំនួយយោធារបស់សហរដ្ឋអាមេរិកនាពេលអនាគត។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ (ទី៣០ ខែមេសា) នឹងផ្តល់ឲ្យសហរដ្ឋអាមេរិកនូវលក្ខខណ្ឌអំណោយផលទទួលបានកិច្ចព្រមព្រៀងរ៉ែអ៊ុយក្រែនថ្មី និងការផ្ដល់មូលនិធិវិនិយោគ ដើម្បីកសាងប្រទេសអ៊ុយក្រែនឡើងវិញ។

សារព័ត៌មាន Kyiv Post ដែលដកស្រង់ប្រភពការទូត បានឲ្យដឹងថា រដ្ឋបាលរបស់លោក Trump ក៏បានប្រាប់សភាផងដែរ កាលពីថ្ងៃពុធ អំពីការចង់បានរបស់ខ្លួន ក្នុងការអនុញ្ញាតឲ្យនាំចេញផលិតផលដែលទាក់ទងនឹងវិស័យការពារជាតិទៅអ៊ុយក្រែន តាមរយៈការលក់ពាណិជ្ជកម្មដោយផ្ទាល់តម្លៃ ៥០លានដុល្លារ ឬច្រើនជាងនេះ ដែលជាជំហានដំបូងនៃកិច្ចព្រមព្រៀងប្រភេទនេះ គិតចាប់តាំងពីការវិលត្រលប់របស់លោក Trump ទៅកាន់សេតវិមានវិញ។ ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចបញ្ជាក់បានភ្លាមៗឡើយ អំពីការលើកឡើងនោះ។
អតីតប្រធានាធិបតីរុស្ស៊ី លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «លោក Trump បានធ្វើឲ្យរបបក្រុងគីវធ្លាក់ដល់ចំណុចដែលពួកគេនឹងត្រូវចំណាយ សម្រាប់ជំនួយរបស់សហរដ្ឋអាមេរិក ដោយការទាញយកធនធានរ៉ែ»។ លោកបានបន្ថែមថា៖ «ឥឡូវនេះពួកគេ (អ៊ុយក្រែន) នឹងត្រូវចំណាយសម្រាប់ការផ្គត់ផ្គង់យោធា ជាថ្នូរនឹងទ្រព្យសម្បត្តិជាតិរបស់ប្រទេស»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរ៉ែនេះបានឈានដល់នៅពេលដែលសហរដ្ឋអាមេរិកបង្ហើបថា ខ្លួនមានការខកចិត្តខ្លាំងឡើងៗ ដោយសារទីក្រុងម៉ូស្គូ និងគីវមិនអាចចូលតុចរចាសន្តិភាព៕

