គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និយាយថា ទាហានកុងហ្គោរាប់ពាន់នាក់ដែលបានស្វែងរកការជ្រកកោននៅមូលដ្ឋានអង្គការសហប្រជាជាតិ(UN)ក្នុងទីក្រុង Goma នឹងត្រូវជួយឲ្យចាកចេញពីទីក្រុងគ្រប់គ្រងដោយក្រុមឧទ្ទាមមួយនេះ ។

យោងតាមការអះអាងរបស់បេសកកម្មថែរក្សាសន្តិភាព បានឲ្យដឹងថា ទាហាន និងក្រុមនគរបាលប្រហែល ១.៤០០នាក់ ជាមួយក្រុមគ្រួសាររបស់ពួកគេ បានជ្រកកោននៅមូលដ្ឋានរបស់ក្រុមថែរក្សាសន្តិភាព UN ចាប់តាំងពីទីក្រុង Gomaដែលជាទីក្រុងធំបំផុតរបស់កុងហ្គោ ដណ្តើមកាន់កាប់បានដោយក្រុមឧទ្ទាមកាលពីខែមករា ។
មន្រ្តីមួយរូបរបស់កាកបាទក្រហមកុងហ្គោ និយាយប្រាប់សន្និសីទសារព័ត៌មានថា ក្រុមមនុស្សធម៌នឹងអមដំណើរទាហានកុងហ្គោទៅកាន់រដ្ឋធានី Kinshasa ក្នុងរយៈជាច្រើនថ្ងៃខាងមុខនេះ ។
ដោយលើកឡើងពីភាពស្មុគស្មាញ និងហានិភ័យពាក់ព័ន្ធនឹងប្រតិបត្តិការនេះ មន្រ្តីកាកបាទក្រហម បានអំពាវនាវឲ្យភាគីបង្កសង្រ្គាមទាំងអស់ ត្រូវគោរពច្បាប់មនុស្សធម៌អន្តរជាតិ ។
ក្រុមឧទ្ទាម M23ដែល UNនិយាយថា ត្រូវបានគាំទ្រដោយប្រទេសរ៉្វាន់ដានោះ បានបើកការវាយប្រហារយ៉ាងឆាប់រហ័សកាលពីខែមករា ដណ្តើមបានទីក្រុងសំខាន់ Goma និងទីក្រុង Bukavu រួមទាំងអាកាសយានដ្ឋាននៅក្នុងទីក្រុងទាំង ២នេះ ។
ជម្លោះនេះដែរ បានធ្វើឲ្យមនុស្សជាង ១លាននាក់ជម្លៀសខ្លួន និងធ្វើឲ្យភាពតានតឹងជនជាតិភាគតិចកាន់តែធ្ងន់ធ្ងរទៅ ដែលបានបានចាក់ស្រេះ ចាប់តាំងពីអំពើប្រល័យពូជសាសន៍រ្វ៉ាន់ដា ឆ្នាំ ១៩៩៤ មកម្ល៉េះ ៕
