រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃពុធ (ទី៣០ ខែមេសា) បានប្រាប់មន្ត្រីសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ថា ទីក្រុងប៉េកាំងបានកោតសរសើរទីក្រុងតេអេរ៉ង់ដែលខិតខំប្រឹងប្រែងផ្នែកការទូត ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន មុនពេលមានកិច្ចចរចារជុំថ្មី រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
យោងតាមព័ត៌មាន អំពីកិច្ចប្រជុំនៅប្រទេសប្រេស៊ីល ដែលចេញផ្សាយដោយក្រសួងការបរទេស លោក Wang បានប្រាប់លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ គឺលោក Ali Shamkhani ថា «ប្រទេសចិនឲ្យតម្លៃ ចំពោះការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ក្នុងការមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរ» និង «កោតសរសើរ ចំពោះកិច្ចប្រឹងប្រែងការទូតរបស់អ៊ីរ៉ង់»។
លោក Wang ដែលត្រូវបានដកស្រង់សម្តី បាននិយាយថា៖ «(ប្រទេសចិន) មានសេចក្តីសោមនស្សរីករាយដែលឃើញការសន្ទនាដែលកំពុងបន្តមាន រវាងអ៊ីរ៉ង់ និងភាគីផ្សេងទៀត និងគាំទ្រកិច្ចសហប្រតិបត្តិការចាំបាច់របស់អ៊ីរ៉ង់ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ»។
គួរបញ្ជក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមចាត់វិធានការយោធា ប្រសិនបើអ៊ីរ៉ង់មិនឈានដល់កិច្ចព្រមព្រៀង ដើម្បីគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរដែលកំពុងវិវត្តយ៉ាងលឿនរបស់ខ្លួនទេនោះ ដោយអ្នកចរចាមកពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ រំពឹងថា នឹងកោះប្រជុំឡើងវិញនៅថ្ងៃសៅរ៍ ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី៕