ព្រះរាជអាជ្ញារបស់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែឧសភា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួននឹងមិនកាត់ទោសសាស្ត្រាចារ្យជនជាតិអាមេរិកម្នាក់ដែលកាលពីខែមុន ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទប្រមាថគ្រួសាររាជវង្ស ជាបទល្មើសព្រហ្មទណ្ឌដែលត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ហើយបានស្នើឲ្យតុលាការដោះលែងរូបគេ។
លោកបណ្ឌិត Paul Chambers ដែលជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ Naresuan របស់ប្រទេសថៃ ត្រូវបានចាប់ខ្លួន បន្ទាប់ពីកងទ័ពរាជានិយមបានដាក់ពាក្យប្ដឹង ជាពាក្យបណ្ដឹងដែលបាននាំឲ្យមានការរិះគន់ពីគ្រប់ទិសទី នៅក្នុងប្រទេសថៃ និងពីក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានលើកឡើងថា ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះករណីនេះ។ លោក Chambers ក៏ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់អ៊ិនធឺណិតផងដែរ។ លោកបានបដិសេធការចោទប្រកាន់ទាំង ២ករណីនោះ។
ការិយាល័យអគ្គព្រះរាជអាជ្ញា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្រេចមិនបន្តការចោទប្រកាន់ចំនួន ២ករណី ប្រឆាំងនឹងលោកបណ្ឌិត Chambers ទៀតឡើយ ដោយស្នើឲ្យតុលាការ នៅទីក្រុង Phitsanulok ដោះលែងរូបលោក។ ស្ថាប័ននេះក៏បានបន្ថែមផងដែរថា ខ្លួននឹងស្វែងរកការពិនិត្យផ្លូវច្បាប់របស់កម្លាំងនគរបាល ពាក់ព័ន្ធនឹងការសម្រេចនេះ។
សូមបញ្ជាក់ថា ប្រទេសថៃមានច្បាប់ ស្តីពីការប្រមាថព្រះមហាក្សត្រ ដែលជាមួយក្នុងចំណោមច្បាប់ដ៏តឹងរ៉ឹងបំផុតរបស់ពិភពលោក ដោយកំណត់រយៈពេលជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ចំពោះបុគ្គលទាំងឡាយណាដែលត្រូវបានផ្តន្ទាទោសពីបទបរិហារកេរ្តិ៍ ប្រមាថ ឬគំរាមកំហែង ចំពោះព្រះមហាក្សត្រ Maha Vajiralongkorn និងក្រុមញាតិវង្សានុវង្សរបស់ព្រះអង្គ៕