ប្រភពពីទួរគី បានប្រាប់ឲ្យដឹងថា ប្រទេសទួរគីច្រានចោលការមានផែនការណាមួយដែលធ្វើឲ្យខូចដល់រដ្ឋាភិបាលកណ្តាល ក្នុងប្រទេសស៊ីរី ឬគំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសនេះ ជាឆ្លើយតបទៅនឹងការទាមទារពីជនជាតិភាគតិចឃឺដ ដែលស្នើឲ្យស៊ីរីអនុម័តប្រព័ន្ធវិមជ្ឈការនៃរដ្ឋាភិបាល។
ទួរគីបានគាំទ្រក្រុមឧទ្ទាមប្រឆាំងនឹងអតីតប្រធានាធិបតី លោក Bashar al-Assad អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយត្រូវបានគេមើលឃើញថា ជាសម្ព័ន្ធមិត្តបរទេសដ៏ជិតស្និទ្ធបំផុតរបស់មេដឹកនាំឥស្លាមនិយមថ្មីរបស់ស៊ីរី ដោយខ្លួនបានប្តេជ្ញាថា នឹងជួយរដ្ឋាភិបាលថ្មីកសាងប្រទេសឡើងវិញ និងផ្ដល់ស្ថិរភាពដល់ប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមរយៈពេល ១៤ឆ្នាំមួយនេះ។
ទីក្រុងអង់ការ៉ាមើលឃើញថា ការទាមទារឲ្យមានប្រព័ន្ធវិមជ្ឈការដោយជនជាតិឃឺដរបស់ប្រទេសស៊ីរី គឺជាការគំរាមកំហែងមួយ ដោយសារតែអ្វីដែលខ្លួននិយាយថា ជាទំនាក់ទំនងឆ្លងព្រំដែនរបស់ពួកគេជាមួយក្រុមសកម្មប្រយុទ្ធឃឺដ នៅក្នុងប្រទេសទួរគី ខណៈដែលខ្លួនសម្លឹងដល់ការបញ្ចប់ជម្លោះ ដែលមានអាយុកាលរាប់ទសវត្សរ៍ជាមួយកងជីវពល Kurdistan Workers Party (PKK) ដែលមិនស្របច្បាប់។
គួរបញ្ជាក់ថា ភាគីឃឺដនានា ដែលជាគូប្រជែងនឹងគ្នា នៅស៊ីរី ក្នុងនោះមានរួមទាំងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដ៏មានឥទ្ធិពល នៅតំបន់ភាគឦសាន បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ស្ដីពីចក្ខុវិស័យនយោបាយរួម សម្រាប់ជនជាតិភាគតិចឃឺដ និងប្រព័ន្ធវិមជ្ឈការរបស់ប្រទេស ជាការអំពាវនាវមួយដែលត្រូវបានបដិសេធដោយថ្នាក់ដឹកនាំរបស់ប្រទេសស៊ីរី។
ប្រភពពីទួរគីបានប្រាប់អំពីការអត្ថាធិប្បាយរបស់ប្រធានាធិបតី លោក Tayyip Erdogan ដែលបាននិយាយកាលពីថ្ងៃពុធថា ការទាមទារឲ្យមានប្រព័ន្ធវិមជ្ឈការ នៅក្នុងប្រទេសស៊ីរី «គ្មានអ្វីក្រៅពីយល់សប្តិទាំងថ្ងៃនោះទេ»។
ហើយប្រភពពីក្រសួងការបរទេសទួរគីបានបញ្ជាក់ថា៖ «ទួរគីមិនទទួលយកគំនិតផ្តួចផ្តើមណាមួយដែលផ្តោតលើបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ដែលនឹងធ្វើឲ្យខូចខាតដល់អធិបតេយ្យភាពរបស់ប្រទេសនេះ ឬដែលអនុញ្ញាតឲ្យអាវុធត្រូវបានកាន់ដោយអ្នកដទៃ មិនមែនអាជ្ញាធរកណ្តាលរបស់ស៊ីរី»៕