យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា មនុស្សជាង ៥៤០នាក់ ត្រូវបានសម្លាប់នៅតំបន់ North Darfur របស់ប្រទេសស៊ូដង់ ក្នុងរយៈពេលត្រឹម ៣សប្តាហ៍ប៉ុណ្ណោះ ស្របពេលដែលទាហានប៉ារ៉ាបង្កើនការវាយប្រហាររបស់ពួកគេ ក្នុងការដណ្តើមយកទីក្រុង el-Fasher ។
លោក Volker Turk គឺជាស្នងការសិទ្ធិមនុស្សរបស់ UN បាននិយាយថា ការពិតនៃភាពរន្ធត់ត្រូវបានលាត់ត្រដាងដោយគ្មានដែនកំណត់នៅក្នុងប្រទេសស៊ូដង់ ពេលដែលមនុស្ស ៥៤២នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលមិនដល់ ៣សប្តាហ៍ ។
តំបន់ Darfur គឺជាសមរភូមិប្រយុទ្ធដ៏ក្តៅគគុកនៃសង្រ្គាមដ៏ឃោឃៅដែលបានផ្ទុះឡើងកាលពីខែមេសា ឆ្នាំ ២០២៣ រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំគាំទ្ររហ័ស(RSF) និងបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ មនុស្សជាង ១២លាននាក់ជម្លៀសខ្លួន និងធ្វើឲ្យកើតមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅលើពិភពលោក ។
កងកម្លាំង RSF ដែលបាត់បង់ទីក្រុង Khartoum កាលពីខែមុន បានបង្កើនការវាយប្រហាររបស់ពួកគេ លើទីក្រុង el-Fasher និងជំរំជនភៀសខ្លួន Zamzam ហើយនិង Abu Shouk បង្កឲ្យមានការរត់ភៀសខ្លួនមនុស្សរាប់ម៉ឺននាក់តាមវាលខ្សាច់ទៅកាន់ទីក្រុង Tawila ៕