នគរបាលជប៉ុនបានចាប់ខ្លួនបុរសម្នាក់ បន្ទាប់ពីពួកគេនិយាយថា ជនសង្ស័យបានបើករថយន្តបុកចូលដោយចេតនាទៅលើសិស្សបឋមសិក្សាចំនួន ៧នាក់ នៅភាគខាងលិចទីក្រុង Osaka នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែឧសភា) នេះ។
កុមារដែលបានចេញពីសាលាធ្វើដំណើរទៅផ្ទះ បានរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែទាំង ៧នាក់ នៅដឹងខ្លួនធម្មតា។
មន្ត្រីនគរបាលទីក្រុង Osaka ម្នាក់ ដែលបដិសេធមិនបញ្ចេញអត្តសញ្ញាណ បាននិយាយថា អ្នកបើកបរ គឺជាបុរសវ័យ ២៨ឆ្នាំ រស់នៅក្នុងទីក្រុងតូក្យូ ហើយបានផ្តល់ឲ្យសារព័ត៌មាន AFP នូវរបាយការណ៍សង្ខេប អំពីអ្វីដែលលោកបានប្រាប់ថា ត្រូវបានកត់តា្រក្រោយការចាប់ខ្លួននោះ។
មន្ត្រីបាននិយាយថា នគរបាលកំពុងឃុំខ្លួនអ្នកបើកបរនោះដោយសង្ស័យពីបទប៉ុនប៉ងមនុស្សឃាត។ កុមារទាំងនោះមានអាយុចន្លោះ ៧ឆ្នាំ និង៨ឆ្នាំ ហើយនគរបាលបានប្រាប់ថា ការរងរបួសធ្ងន់បំផុត គឺបាក់ថ្គាម ដែលអ្នករងគ្រោះ គឺក្មេងស្រីអាយុ ៧ឆ្នាំ។ នគរបាលបានបន្ថែមថា ក្មេងប្រុសចំនួន ៦នាក់ផ្សេងទៀត ហាក់ដូចជារងរបួសស្រាលជាង ហើយពួកគេស្ថិតក្រោមការតាមដាន៕