នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមភ្ញៀវទេសចរ បាននាំគ្នាវិលត្រឡប់ទៅកម្សាន្តលេងនៅគោលដៅទេសចរណ៍ Pahalgam ស្ថិតក្នុងតំបន់កាស្មៀរ ប្រទេសឥណ្ឌា ជាទីដែលការវាយប្រហាររបស់ក្រុមជីវពលអ៊ិស្លាម សម្លាប់មនុស្សយ៉ាងហោច ២៦នាក់ ។
ក្រុមឃាតករអ៊ិស្លាមនៅតំបន់ Pahalgam បានវាយប្រហារភ្ញៀវទេសចរកាលពីសប្តាហ៍មុន ។ ក្រុមមន្រ្តី និងអ្នករស់រាន និយាយថា ក្រុមជីវពលទាំងនេះ បានសួរឈ្មោះភ្ញៀវទេសចរ និងបានបាញ់សម្លាប់សាសនិកហិណ្ឌូដោយឥតញញើតដៃ ។
គួរឲ្យដឹងថា តំបន់ទេសចរណ៍ដែលធ្លាប់មើលឃើញចំនួនភ្ញៀវទេសចរចន្លោះពី ៥ពាន់នាក់ ទៅ ៧ពាន់នាក់ ក្នុង ១ថ្ងៃនេះ បានមើលឃើញចំនួនភ្ញៀវទេសចរធ្លាក់ចុះយ៉ាងគំហក់ ក្រោយការវាយប្រហារស្លាប់មនុស្ស ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្ញៀវទេសមួយចំនួន បានធ្វើដំណើរទៅកាន់តំបន់មួយនេះវិញ ខណៈគេមើលឃើញភ្ញៀវទេសចរក្រូអាត និងស៊ែរប៊ី ដើរកម្សានលេងនៅតាមផ្លូវក្នុងតំបន់ Pahalgam ។
លោក Admir Jahic គឺជាភ្ញៀវទេសចរក្រូអាត និយាយថា គ្មានកន្លែងណាមានសុវត្ថិភាពទៀតទេនៅលើពិភពលោក ប៉ុន្តែស្ថានភាពបែបនេះ ពុំរារាំងរូបលោកពីការធ្វើដំណើរកម្សាន្ត ដើម្បីជួបមនុស្សថ្មីនោះឡើយ ។
សូមបញ្ជាក់ថា វិស័យទេសចរណ៍គឺជាសសៃឈាមដ៏សំខាន់មួយនៃសេដ្ឋកិច្ចតំបន់ជ្រលងភ្នំកាស្មៀរ ហើយវិស័យមួយនេះ ត្រូវបានលើកកម្ពស់ខ្លាំងដោយរដ្ឋាភិបាល និងក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ។
ចំនួនភ្ញៀវទេសចរមកកម្សាន្តលេងតំបន់កាស្មៀរ បានកើនឡើងខ្ពស់បំផុតជាង ៣លាននាក់ កាលពីឆ្នាំមុន ពោលគឺច្រើនជាងចំនួន ៨៣១.០០០នាក់កាលពីឆ្នាំ ២០១៨ ៕